ការផ្ទេររបស់ខ្សែប្រយុទ្ធដែលក្លិប Manchester City បានទិញពីក្លិបBorussia Dortmund Erling Haaland នឹងត្រូវបានប្រកាសនៅសប្តាហ៍ក្រោយ។ នេះបើតាមលោក Sebastian Kehl នាយកក្លិប Dortmund ដែលរំពឹងថា Haaland នឹងចាកចេញពីក្លិបយក្ស Bundesliga ទៅ Man City ជាអ្នកដឹកនាំការប្រជែងយកហត្ថលេខារបស់គាត់។
លោក Kehl ទន្ទឹងរង់ចាំភាពច្បាស់លាស់លើកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងតារាខ្សែប្រយុទ្ធរូបនេះនៅសប្តាហ៍ក្រោយ បន្ទាប់ពីរបាយការណ៍ថ្មីៗដែលបង្ហាញថា ភាគីទាំង២បានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំដែលមានតម្លៃ៥០០.០០០ផោនក្នុងមួយសប្តាហ៍។ អតីតកីឡាករ Dortmund រូបនេះបានបន្តថា “កិច្ចព្រមព្រៀង Erling Haaland ខ្ញុំគិតថាយើងនឹងមានភាពច្បាស់លាស់នៅសប្តាហ៍ក្រោយ”។ រីឯគ្រូបង្វឹក Fabrizio Romano ក៏បានបញ្ជាក់ផងដែរថា “Man City កំពុងតែធ្វើការលើវា ហើយការពិភាក្សាបានដំណើរការអស់ជាច្រើនសប្តាហ៍”។
Haaland បានបង្ហាញខ្លួនក្នុងពិភពបាល់ទាត់ពីទម្រង់លេងយ៉ាងល្អចាប់តាំងពីបានចូលរួមជាមួយក្រុម Red Bull Salzburg ក្នុងឆ្នាំ២០១៩។ កីឡាករអន្តរជាតិន័រវេសរូបនេះរកបានគ្រាប់បាល់សរុបចំនួន២៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៧ដងក្នុង២៧ប្រកួតជាមួយនឹងក្រុម Salzburg ។
កីឡាករវ័យ២១ឆ្នាំរូបនេះបានចូលរួមជាមួយ Dortmund មួយឆ្នាំក្រោយមក ដែលបច្ចុប្បន្នគាត់ស៊ុតបញ្ចូលទីបាន៨៥គ្រាប់ និង Assists ២៣ដងក្នុងការបង្ហាញខ្លួន៨៨ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ កីឡាករសញ្ជាតិន័រវេសរូបនេះត្រូវបានគេកំណត់គោលដៅចង់បានដោយក្លិបធំៗមួយចំនួនក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
ក្លិប Man City គឺជាក្រុមដែលពេញចិត្តក្នុងការបង្កើតលក្ខខណ្ឌតម្លៃ៦៤លានផោនរបស់គាត់នៅក្នុងរដូវក្តៅនេះចំពេលកំពុងស្វែងរកខ្សែប្រយុទ្ធដែលនឹងបំពេញចន្លោះប្រហោងបន្ទាប់ពី Sergio Aguero ចាកចេញកាលពីឆ្នាំមុន។ ប៉ុន្តែក្លិប Manchester United, Chelsea, Juventus, Real Madrid, Barcelona និង Paris Saint-Germain ក៏បង្ហាញការចាប់អារម្មណ៍កីឡាករ Haaland ផងដែរ។ Haaland បានជួបបញ្ហារបួសមួយចំនួននៅរដូវកាលនេះ តែអាចកត់ត្រាចំនួននៃការស៊ុតបញ្ចូលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន២៨គ្រាប់ និង Assists ៨ដងក្នុង២៩ប្រកួត ៕
ដោយ៖ ភារៈ(រូបភាព ៖ the sun)