ក្លិបបិសាចក្រហម Manchester United គ្រោងនឹងទទួលការផ្លាស់ប្តូរដ៏សំខាន់បន្ទាប់ពីរដូវកាលដ៏ខកចិត្ត ប៉ុន្តែអតីតខ្សែបម្រើ David Beckham សង្ឃឹមថា Cristiano Ronaldo នឹងបន្តយ៉ាងហោចណាស់មួយឆ្នាំទៀតនៅក្លិបនេះ។ ការបរាជ័យ ៤-០ របស់ Man Utd នៅ Brighton កាលពីចុងសប្តាហ៍មានន័យថា ក្រុមមិនអាចបញ្ចប់ចំណាត់ថ្នាក់លេខ៦។
ក្រុម Man Utd បានតែងតាំងអ្នកចាត់ការទូទៅក្រុម Ajax Amsterdam លោក Erik ten Hag ដើម្បីជំនួសតំណែងគ្រូបង្វឹកបណ្តោះអាសន្នលោកRalf Rangnick នៅចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្នដោយបុរសសញ្ជាតិហូឡង់រំពឹងថា នឹងកែប្រែក្រុមឡើងវិញក្នុងអំឡុងពេលបិទរដូវកាល។
Ronaldo បានស៊ុតបញ្ចូលទីបាន២៤គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ហើយលោក Beckham ដែលពាក់អាវលេខ៧របស់ Man United សង្ឃឹមថា ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះនឹងបន្តនៅក្នុងក្លិបនេះទៀត។
លោក Beckham បាននិយាយនៅឯ Miami Grand Prix ថា “វាសំខាន់សម្រាប់គាត់ យើងទាំងអស់គ្នាដឹងថា United មានន័យយ៉ាងណាចំពោះគាត់។ គាត់នៅតែធ្វើអ្វីដែលគាត់ធ្វើបានល្អបំផុត។ ការធ្វើអ្វីដែលគាត់កំពុងធ្វើនៅអាយុរបស់គាត់គឺពិតជាមិនគួរឱ្យជឿ ដូច្នេះសង្ឃឹមថាវានឹងបន្តសម្រាប់មួយឆ្នាំ ឬពីរឆ្នាំទៀត”។
Beckham ដែលបានជួយឲ្យឈ្នះជើងឯក Premier League ៦ដងនៅក្លិបUnited បានបន្តថា “អ្នកគាំទ្របាននៅក្បែរក្រុមដែលឆ្លងកាត់ការលំបាកមួយចំនួនដោយពានរង្វាន់លីគចុងក្រោយរបស់ United នឹងមកដល់ក្នុងរដូវកាល២០១២-២០១៣។ វាគឺជាការបញ្ចប់ដ៏លំបាកមួយសម្រាប់រដូវកាលនេះ ប៉ុន្តែវាគឺជាចុងបញ្ចប់នៃរដូវកាលនេះ ខ្ញុំប្រាកដថាអ្នកគាំទ្រជាច្រើនបានថ្លែងអំណរគុណចំពោះរឿងនោះ ព្រោះវាបានក្លាយជាការប្រកួតដ៏លំបាកមួយ ពោរពេញដោយការកើនឡើង និងការធ្លាក់ចុះ”។
លោក David Beckham បានបញ្ជាក់ថា “កីឡាករបានធ្វើអ្វីដែលពួកគេអាចធ្វើបានល្អបំផុត ខ្ញុំបានបង្ហាញខ្លួននៅពហុកីឡដ្ឋានកាលពីប៉ុន្មានខែមុន ហើយគ្រប់កៅអីត្រូវបានបំពេញ ដូច្នេះអ្នកគាំទ្រនៅតែជឿជាក់ ពួកគេនៅតែគាំទ្រ។ វាជាអ្វីដែលអ្នកគាំទ្រ United ធ្វើ មានក្រុមមិនច្រើនទេដែលត្រូវឆ្លងកាត់អ្វីដែលពួកគេបានឆ្លងកាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅតែមកគាំទ្រយ៉ាងទំហឹងនៅក្នុងកីឡដ្ឋានរបស់ពួកគេ ហើយវានឹងមានការផ្លាស់ប្តូរ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)