ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាឱ្យស្រាវជាវជាបន្ទាន់ចំពោះបុគ្គលណាដែលបង្ហោះ ឬ ចែកចាយព័ត៌មានមិនពិតបំពុលសង្គមតាមបណ្តាញសង្គមនានាគឺជាអំពើខុសច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ។
ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជំរាបជូនសាធារណៈជនថា ការបង្ហោះ ឬ ចែកចាយព័ត៌មានមិនពិតបំពុលសង្គមតាមបណ្តាញសង្គមនានាគឺជាអំពើខុសច្បាប់ តួយ៉ាងដូចគណនី Tik Tok ឈ្មោះ Daro No Name ដែលបានបង្ហោះវីដេអូ ករណីជម្លោះរវាងជនបរទេសមួយក្រុម នៅមុខភោជនីយដ្ឋាន ម៉ីម៉ី ដោយកាត់បញ្ចូលសំឡេងវីដេអូពីករណីឃាតកម្មនៅរង្វង់មូលតោពីរ ដែលទើបកើតហេតុនាពេលថ្មីៗកន្លងមកនេះ ដែលធ្វើអោយមហាជននៅលើបណ្ដាញសង្គមមានការយល់ច្រឡំ ត្រូវបានសមត្ថកិច្ចជំនាញហៅមកសួរនាំ អប់រំ និងបានអោយធ្វើកិច្ចសន្យាបញ្ឈប់អំពើទាំងនេះតទៅទៀត ។
សូមបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញស្រាវជ្រាវភ្លាមៗ ជាលទ្ធផលបានអោយដឹងថា ម្ចាស់គណនី Tik Tok ខាងលើមានឈ្មោះពិត ហៀប ដារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៉ីណូ សាមុីខ្លួនបានថតករណីខាងលេីជាជម្លោះរវាងជនជាតិកូរ៉េ នឹងជនជាតិខ្មែរដែលកេីតឡេីងនៅថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីថតរួចគាត់ក៏បានបង្ហោះនៅលេីគណនី Tik Tok របស់គាត់ដោយកាត់តបញ្ចូលសំឡេងពីវីដេអូមួយទៀត ការបង្ហោះនេះគាត់គ្រាន់តែបង្ហោះកម្សាន្តអារម្មណ៍ និងគ្មានបុគ្គលណាម្នាក់បញ្ជា ឬជម្រុញពីក្រោយឡេីយ ។
សន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថាបុគ្គលខាងលើគ្រាន់តែបង្ហោះទាក់ទាញចំណាប់អារម្មណ៍ ចង់បាន Like និង Share ពីមហាជនក្នុងបណ្ដាញសង្គម គ្មានបំណងបង្កចលាចល ឬពាក់ព័ន្ធនឹងនយោបាយឡើយ ៕
ដោយ៖ស តារា