ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​៖ ចាត់ឱ្យ​ស្រាវជាវជាបន្ទាន់ចំពោះបុគ្គលណាដែលបង្ហោះ ឬ ចែកចាយព័ត៌មានមិនពិតបំពុលសង្គមតាមបណ្តាញសង្គមនានាគឺជាអំពើខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖​ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បញ្ជាឱ្យស្រាវជាវជាបន្ទាន់ចំពោះបុគ្គលណាដែលបង្ហោះ ឬ ចែកចាយព័ត៌មានមិនពិតបំពុលសង្គមតាមបណ្តាញសង្គមនានាគឺជាអំពើខុសច្បាប់។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការនគរបាលខេត្តព្រះសីហនុ​ បានឱ្យដឹង​កាលពីយប់ថ្ងៃព្រហស្បតិ៍ទី១២​ ខែឧសភា​ ឆ្នាំ​២០២២ម្សិលមិញ​​។ 

ស្នងការនគរបាលខេត្តព្រះសីហនុ​ បានឱ្យដឹងទៀតថា​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ មាន​កិត្តិយស​សូម​ជំរាបជូន​សាធារណៈជន​ថា ការបង្ហោះ ឬ ចែកចាយព័ត៌មានមិនពិតបំពុលសង្គមតាមបណ្តាញសង្គមនានាគឺជាអំពើខុសច្បាប់ តួយ៉ាងដូចគណនី Tik Tok ឈ្មោះ​ Daro No Name ដែលបានបង្ហោះវីដេអូ ករណីជម្លោះរវាងជនបរទេសមួយក្រុម នៅមុខភោជនីយដ្ឋាន ម៉ីម៉ី ដោយកាត់បញ្ចូលសំឡេងវីដេអូពីករណីឃាតកម្មនៅរង្វង់មូលតោពីរ ដែលទើបកើតហេតុនាពេលថ្មីៗកន្លងមកនេះ ដែលធ្វើអោយមហាជននៅលើបណ្ដាញសង្គមមានការយល់ច្រឡំ ត្រូវបានសមត្ថកិច្ចជំនាញហៅមកសួរនាំ អប់រំ និងបានអោយធ្វើកិច្ចសន្យាបញ្ឈប់អំពើទាំងនេះតទៅទៀត ។

​សូមបញ្ជាក់ថាក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ​ ស្នងការ​នគរបាល​ខេត្តព្រះសីហនុ បានចាត់​ឲ្យ​កម្លាំងជំនាញស្រាវជ្រាវ​ភ្លាមៗ ជាលទ្ធផលបានអោយដឹងថា ម្ចាស់គណនី Tik Tok ខាងលើមានឈ្មោះពិត​ ហៀប​ ​ដារ៉ូ​ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរបុគ្គលិកកាស៉ីណូ សាមុីខ្លួនបានថតករណីខាងលេីជាជម្លោះរវាងជនជាតិកូរ៉េ ​នឹងជនជាតិខ្មែរដែលកេីតឡេីងនៅថ្ងៃ០៦​ ខែឧសភា​ ឆ្នាំ២០២២​ បន្ទាប់ពីថតរួចគាត់ក៏បានបង្ហោះនៅលេីគណនី Tik Tok របស់គាត់ដោយកាត់តបញ្ចូលសំឡេងពីវីដេអូមួយទៀត ការបង្ហោះនេះគាត់គ្រាន់តែបង្ហោះកម្សាន្តអារម្មណ៍​ និងគ្មានបុគ្គលណាម្នាក់បញ្ជា​ ឬជម្រុញពីក្រោយឡេីយ ។

សន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថាបុគ្គលខាងលើគ្រាន់តែបង្ហោះទាក់ទាញចំណាប់អារម្មណ៍ ចង់បាន Like និង Share ពីមហាជនក្នុងបណ្ដាញសង្គម គ្មានបំណងបង្កចលាចល ឬពាក់ព័ន្ធនឹងនយោបាយឡើយ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖