ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន(Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)

ចែករំលែក៖

សហរដ្ឋអាមេរិក ៖ នៅឯទីក្រុងវ៉ាស៊ីនតោន ឌីសុី សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអវត្តមានអញ្ជើញចូលរួមបុណ្យ គម្រប់៧ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ខណៈមានធុរ:អញ្ជើញមកប្រជុំនៅសហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិក ក៏សម្តេចសំដែងនូវក្តីអាឡោះអាល័យ និងត្រេកអរពី ថ្នាក់ដឹកនាំបានផ្ញើសាររំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។ 

សម្តេចមានប្រសាសន៍ថា, បងប្រុសបន្ទាប់ពីបងចែកឋានដោយមិនបានលាឬផ្តាំផ្ញើប្រពន្ធកូន ចៅនិងបងប្អូនញាតិមិត្តក៏ដោយចុះ តែមរណភាពរបស់បងត្រូវបានព្រះមហាក្សត្រនិងព្រះមាតាជាតិព្រះប្រទានព្រះរាជសាររំលែកទុក្ខ។

ព្រះមហាក្សត្រជាទីសក្ការៈបានប្រោសប្រទានគោរម្យងារជូនបងជាសម្តេចថែមទៀតផង។

សម្តេចតេជោ ហ៊ុនសែន បន្តថា, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងគ្រប់ជាន់ថ្នាក់បានផ្ញើសាររំលែកទុក្ខនិងចូលរួមគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាចូលរួមបុណ្យសពបង។

ព្រះសង្ឃនិងប្រជាជនក៏បង្ហាញសមាណចិត្តអាណិតស្រឡាញ់បងនិងក្រុមគ្រួសារ។

សម្តេចថ្លែងបន្តថា, ពេលប្អូនមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំអាស៊ាន-អាមេរិកថ្នាក់ដឹកនាំអាស៊ានចូលរួមមរណទុក្ខជាថ្មីម្តងទៀតបន្ទាប់ពីបញ្ជូនសារលិខិតរំលែទុក្ខលើកមុន។

សម្តេចថ្លែងថា, ពេលជំនួបរវាងថ្នាក់ដឹកនាំអាស៊ានជាមួយថ្នាក់ដឹកនាំធុរកិច្ចអាមេរិកអ្នកសម្របសម្រួលកម្មវិធីឆ្លៀតសំដែងនូវមរណទុក្ខក្នុងអង្គប្រជុំផ្លូវការ។ ទៅលើសពីនេះអ្វីដែលខ្ញុំភ្ញាក់ផ្អើលនិងរំភើបនោះប្រធានាធិបតីសហរដ្ឋអាមេរិកចូ បៃដិន(Joe Biden)តែម្តងដែលនិយាយមកកាន់ខ្ញុំថា(សូមចូលរួមមរណទុក្ខចំពោះបងប្រុសរបស់ឯកឧត្តម)។

នេះជាពាក្យដែលគាត់និយាយមុនគេ បន្ទាប់ពីគាត់អានសុន្ទរកថាក្នុងនាមប្រធានាធិបតីអាមេរិក ឯខ្ញុំអានសុន្ទរកថាក្នុងនាមជាប្រធានអាស៊ាននិងប្រធានាធិបតី ឥណ្ឌូណេសុីអានសុន្ទរកថាក្នុងនាមប្រទេស សម្របសម្រួលអាស៊ាន-អាមេរិក។

សម្តេចតេជោ លើកឡើងថា, គាត់ជាមនុស្សពោរពេញដោយមនោសញ្ចេតនាគួរគោរពដោយសារគាត់ធ្លាប់បាត់បង់កូនប្រពន្ធនិងបងប្អូនដែរ     ដូចនេះគាត់យល់ពីអារម្មណ៍សោកសៅរបស់ខ្ញុំនៅពេលនេះ  ហើយដែលគាត់បាននិយាយរឿងទាំងនេះមកកាន់ខ្ញុំ។

សម្តេចបន្តថា, ខាងភាគីសហរដ្ឋអាមេរិកដែលបានបញ្ចេញយោបល់សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ខ្ញុំមកសហរដ្ឋអាមេរិក ដើម្បីរួមចំណែកសម្រាប់ការសម្រេចបានលទ្ធផលនៃការប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

សូមវិញ្ញាណក្ខន្ធបងប្រុសទៅឱយបានស្ងប់ចុះ ។

សូមបញ្ជាក់ថា, អ្នកចូលទាំងអស់ មានសេចក្តីក្តុកក្តួលរំជួលចិត្តជាខ្លាំងចំពោះការបាត់បង់ រូបសម្តេចឧត្តមទេពញាណ គឺជាការបាត់បង់នូវលោកឪពុក លោកឪក្មេក និងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ ពិសេស ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិកាក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍជាតិ និងលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយឧត្តមគតិជាអនេកប្បការ ជារហូតមក។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានទទួលអនិច្ចកម្ម ដោយរោគាពាធនៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សូរិយា


ចែករំលែក៖