ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរសជាប្តី​ ដែលវាយប្រពន្ធរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃ រហូតដល់ស្លាប់នៅ​ស្រុកព្រៃនប់​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្ដី​ចិត្ត​អប្រិយ​សាហាវ​ព្រៃ​ខ្សៃ​ម្នាក់​ បានធ្វេី​សកម្មភាព​វាយប្រពន្ធរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃ រហូតដល់ស្លាប់នៅស្រុក​ព្រៃ​នប់​ ​ព្យាយាម​រត់​គេច​ខ្លួន​បានពីរថ្ងៃ​ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​ព្រះសីហនុ​ ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ យកមក​ដាក់​ទោស​តាម​ច្បាប់​។ នេះបេីយោង​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ដែល​ទទួល​បាន​នៅព្រឹកថ្ងៃសុក្រទី​១៣​ ខែឧសភា​ ឆ្នាំ​២០២២។ 

យោងតាម​របាយការណ៍​ដដែល​ បានបន្តថា​ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២​វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិជើងគោ ឃុំជើង​គោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណីហិង្សាដោយ​ចេតនាមានស្ថានទម្ងន់ទោស ០១កើតឡើង បង្កដោយជន​សង្ស័យម្នាក់ ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅចំនុចកើត​ហេតុខាងលើ បានធ្វើសកម្ម​ភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ (ត្រូវជាប្រពន្ធរបស់ខ្លួន) មុខរបរមេផ្ទះ មានទីលំ​នៅជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃ និងបានស្លាប់នៅថ្ងៃ១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០​នាទី ក្រោយពេលបញ្ជូនទៅ​ដល់មន្ទីរចំការចេកខេត្តព្រះសី​ហនុ ក្រោយពេលធ្វើ​សក​ម្មភាពរួចជនសង្ស័យបានរត់​គេច​ខ្លួនបាត់តែម្តង ។ 

ប្រភពដដែលបន្តថា​ ក្រោយពេលកើត​ហេតុ កម្លាំងសមត្ថកិច្ច​មិនបានទទួ​ល​ពត៌មានទេ ដោយសារគ្មានអ្នកផ្តល់ពត៌មាន ព្រោះពេលកើតហេតុភ្លាមៗកូនៗរបស់ជនរងគ្រោះបានដឹកយកជនរង​គ្រោះមកមណ្ឌលសុខភាពឃុំជើងគោ ហើយពេទ្យប្រចាំ​ការបានឃើញជនរងគ្រោះមា​នសភាពធ្ងន់ធ្ងរក៏បានហៅរថយន្តសង្គ្រាះរបស់មណ្ឌលសុ​ខ​ភាពវាលរេញមកដឹកទៅមន្ទីពេទ្យចំការចេកខេត្តព្រះសីហ​នុតែម្តង ដោយពុំបានផ្តល់ពត៌​មានដល់សមត្ថកិច្ចឡើយ ។ 

បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ​កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់​ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយបានសហការជាមួយការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តកំពុងស្ពឺ ធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចលើដងផ្លូវជាតិលេខ៤ ត្រង់ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាវេលាម៉ោង ១៧ និង ០៥ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ខណៈពេលដែលជនសង្ស័យកំពុងជិះរថយន្តក្រុង ដើម្បីគេចខ្លួនទៅភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងដឹកយកមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបំពេញនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ស​ តារា​


ចែករំលែក៖