រយៈពេលមួយថ្ងៃបិទទ្វារប្រទេសទាំងមូល បន្ទាប់ពីរកឃើញករណីឆ្លងកូវី-១៩ ជាលើកដំបូង ប្រភេទអូមីក្រុង នៅពេលនះកូរ៉េខាងជើង បានប្រកាសថា មានករណីស្លាប់ដោយកូវីដ-១៩ ចំនួន៦នាក់ និង១៨.០០០នាក់វិជ្ជមានកូវីដ-១៩។
សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) នៅថ្ងៃទី១៣ខែឧសភាបានផ្សាយថា មានករណីស្លាប់៦នាក់ដោយកូវីដ-១៩ ជាលើកដំបូង និង១៨ពាន់នាក់មានអាការៈក្រោយការឆ្លងកូវីដ-១៩។ ការប្រកាសពីអ្នកស្លាប់ គឺក្រោយពីកូរ៉េខាងជើងប្រកាសបិទទ្វារប្រទេសកាលពីថ្ងៃទី១២ខែឧសភា បន្ទាប់ពីរកឃើញករណីឆ្លងជាលើកដំបូង។
តាមសារព័ត៌មានកូរ៉េខាងជើង ក្រៅពីអ្នកឆ្លង នៅមានពលរដ្ឋជិត ២សែននាក់បានធ្វើចត្តាឡីស័ក ។ កាលពីថ្ងៃទី១២ខែឧសភា មេដឹកនាំគីម ជុងអ៊ុន បានទៅកាន់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងជើង និងត្រួតពនិត្យសមត្ថភាពគ្រប់គ្រងជំងឺឆ្លងជាតិ។
មេដឹកនាំ គីម ជុងអ៊ុន បានលើកឡើងថា ឧបសគ្គដែលកូរ៉េខាងជើងកំពុងប្រឈមមុខនាពេលនេះនឹងយកឈ្នះក្នុងពេលឆាប់ៗខាងមុខ ។ កាលពីថ្ងៃទី ១២ខែឧសភា កូរ៉េខាងជើងក៏បានកោះប្រជុំជាបន្ទាន់គណៈកម្មាធិការមជ្ឈិមបក្សលើកទី ៨ ស្តីពីវិធានការទប់ស្កាត់កូវីដ-១៩៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN