រដ្ឋលេខាធិការក្រសួងការបរទេស រុស្សុី លោកAlexander Grushko នៅថ្ងៃទី១៤ខែឧសភា បានបញ្ជាក់ថា រុស្ស៊ីនឹងអនុវត្តវិធានការការពារខ្លួនប្រសិនបើអង្គការណាតូដាក់ពង្រាយកម្លាំងបរមាណូនៅជិតព្រំដែនជាប់ប្រទេសរុស្ស៊ី។
សារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់សម្តីរដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ីដែលបានបញ្ជាក់ថា រុស្ស៊ីមិនមានបំណងប្រឈមមុខជាមួយប្រទេសហ្វាំងឡង់ ក៏ដូចជាប្រទេសស៊ុយអែតនោះទេ ហើយប្រទេសទាំង២ក៏មិនមានមូលហេតុអ្វីត្រូវចូលជាសមាជិកណាតូនោះឡើយ។
ការប្រកាសរបស់រុស្ស៊ីគឺក្នុងពេលដែលប្រទេសហ្វាំងឡង់ និងស៊ុយអែតនៅថ្ងៃទី១៥ ខែឧសភា នឹងសម្រេចដាក់លិខិតសុំចូលជាសមាជិករបស់ណាតូដែរឬទេ។
ក្រោយផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានលើកឡើងពីគម្រោងធានាសន្តិសុខជាតិ ខ្លាចត្រូវធ្លាក់នៅក្នុងគន្លងប្រទេសអ៊ុយក្រែន។ ទាំងនោះហើយបានជាប្រទេសទាំងពីរមានគម្រោងសុំចូលជាសមាជិកណាតូ ៕
ដោយ៖ ធីរីណា(រូបថត៖ CND)