ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង បានស្នើផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារពេទ្យដល់កូរ៉េខាងជើងដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩ ជាទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសនេះ ។ បច្ចុប្បន្នកូរ៉េខាងជើង បានបិទប្រទេសទាំងមូលតាំងពីថ្ងៃទី១២ខែឧសភា ក្រោយពីមានករណីឆ្លងនិងស្លាប់ជាច្រើនមក។
រដ្ឋាភិបាលកូរ៉េខាងត្បូង មានគម្រោងស្នើបើកកិច្ចប្រជុំតាមអនឡាញជាមួយកូរ៉េខាងជើងដើម្បីស្វែងរកវិធានការក្នុងការផ្តល់ជំនួយដល់ទីក្រុងព្យុងយ៉ាង ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃកូវីដ-១៩ ។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ទីក្រុងសេអ៊ូលនឹងវាយតម្លៃពីស្ថានភាពដើម្បីផ្តល់ជំនួយដល់កូរ៉េខាងជើង។ តាមគម្រោងរដ្ឋមន្ត្រីក្រសួងឯកភាពជាតិ លោក Kwon Young-se មានគម្រោង ជួបពិភាក្សាជាមួយភាគីកូរ៉េខាងជើង នៅថ្ងៃទី១៦ខែឧសភា ។
មន្ត្រីកូរ៉េខាងជើងបានបញ្ជាក់ថា ប្រសិនបើទីក្រុងព្យុងយ៉ាងយល់ព្រម នៅថ្ងៃទី១៦ខែឧសភានេះ គឺជាជំនួបពិភាក្សាលើកដំបូងរវាងមន្ត្រីកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង ចាប់តាំងពីប្រធានាធិបតី Yoon Suk-yeol ឡើងកាន់តំណែងនៅថ្ងៃទី១០ខែឧសភាមក ៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN)