ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ឧទ្ធម្ភាគចក្រនៅកូរ៉េខាងត្បូង អាកាសយានិក៣នាក់របួសធ្ងន់

ចែករំលែក៖

នៅថ្ងៃទី១៦ខែឧសភា មានឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កូរ៉េខាងត្បូង បានធ្លាក់នៅទីក្រុងឆ្នេរសមុទ្រ Geoje របស់ប្រទេសនេះ បណ្តាលឲ្យអាកាសយានិក៣នាក់របួសធ្ងន់ ។ កម្លាំងជួយសង្គ្រោះកូរ៉េខាងត្បូង បានឱ្យដឹងថា មានឧទ្ធម្ភាគចក្រធ្លាក់នៅជិតភ្នំ Seonja ។
នៅថ្ងៃទី១៦ខែឧភានេះដែរ កម្លាំងជួយសង្គ្រោះបានរកឃើញ អាកាសយានិក៣នាក់ស្ថិតនៅក្នុងសភាពរបួសធ្ងន់ កំពុងតែសង្គ្រោះបន្ទាន់ ។ ក្នុងពេលជួបគ្រោះថ្នាក់ ឧទ្ធម្ភាគចក្រ Sikorsky S-61N កំពុងតែដឹកសម្ភារសំណង់ជួសជុលផ្លូវនៅលើភ្នំ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត កូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រ៤០គ្រឿងពីអាមេរិក ដើម្បីយកទៅបង្វឹកអាកាសយានិក។ ទីភ្នាក់ងារទិញសព្វាវុធរបស់ប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានប្រកាសឱ្យដឹងថា រដ្ឋាភិបាលទីក្រុងសេអ៊ូល បានចុះកិច្ចព្រមព្រៀងតម្លៃ ១៧០ពាន់លានវ៉ុន (ជិត១៣៣លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុនអាមេរិក ប៊ែល ថិចត្រុន (Bell Textron) ដើម្បីទិញឧទ្ធម្ភាគចក្រហ្វឹកហ្វឺនប្រមាណ៤០គ្រឿង។
ទីភ្នាក់ងារ DAPA នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងខាងលើជាមួយក្រុមហ៊ុន Bell កាលពីថ្ងៃទី៦ ខែឧសភា ដើម្បីទិញឧទ្ធម្ភាគចក្រ Bell 505 រួមជាមួយម៉ាស៉ីន simulator ចំនួន៨គ្រឿង ដើម្បីយកទៅបង្វឹកក្រុមអាកាសយានិក នៃកងទ័ពជើងគោក និងកងទ័ពជើងទឹក។ សម្រាប់ម៉ាស៉ីន simulator ទាំងនោះ នឹងត្រូវផលិតដោយក្រុមហ៊ុនមួយនៅកូរ៉េខាងត្បូងផ្ទាល់។ យោធាកូរ៉េខាងត្បូង មានផែនការចាប់ផ្តើមដាក់ពង្រាយឧទ្ធម្ភាគចក្រទាំងនោះ នៅក្នុងកងកម្លាំងទ័ពជើងគោក និងកងកម្លាំងទ័ពជើងទឹក នៅឆ្នាំ២០២៣៕

ដោយ៖ ធីរីណា


ចែករំលែក៖