ព័ត៌មានទាន់ហេតុការណ៍៖

ករណីស្លាប់ដោយកូវីដ-១៩ នៅកូរ៉េខាងជើង កើនឡើង ៦២នាក់ WHO ស្នើផ្តល់ជំនួយបន្ទាន់

ចែករំលែក៖

ថ្ងៃទី១៧ខែឧសភា កូរ៉េខាងជើង បានរកឃើញមានករណីគ្រុនក្តៅបន្ថែម ២៦៩.៥១០នាក់ ធ្វើឲ្យចំនួន ករណីគ្រុនក្តៅកើនឡើងដល់ទៅ ជាង ១,៤លាននាក់ ។ នៅពេលនេះកូរ៉េខាងជើងមិនទាន់មានតួលេខស្តីពីការធ្វើតេស្ត រកឃើញករណីឆ្លងកូវីដ-១៩ នោះឡើយទេ ។

សារព័ត៌មាន ជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ករណីស្លាប់ដោយកូវីដ-១៩ នៅកូរ៉េខាងជើង បានកើនឡើង ៦២នាក់ហើយ ។ ចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចេញបញ្ជាឲ្យកម្លាំងទាហានចូលរួមជួយដល់ ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
ក្នុងពេលជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក WHO បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះការរាតត្បាតកូវីដ-១៩ នៅកូរ៉េខាងជើង ។ អគ្គនាយកអង្គការសុខភាពពិភពលោក Adhanom Ghebreyesus បានព្រមានថា កូរ៉េខាងជើង អាចប្រឈមនឹងលទ្ធផលអាក្រក់ ដោយការឆ្លងកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង ។ លោកក៏បានស្នើផ្តល់ជំនួយវ៉ាក់សាំង ដល់កូរ៉េខាងជើងផងដែរ ។
ក្រៅពីនេះនៅមានប្រទេសជាច្រើន មានបំណងចង់ជួយដល់កូរ៉េខាងជើង ទប់ស្កាត់កូវីដ-១៩ ក្នុងនោះមានកូរ៉េខាងត្បូង ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រៀមលក្ខណៈរួចរាល់រង់ចាំចម្លើយពីកូរ៉េខាងជើង តែប៉ុណ្ណោះ ដើម្បីប្រទេសកូរ៉េខាងត្បូង អាចទៅជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំង៕ដោយ៖ ធីរីណា

រូប​ថត​ ៖​ KCNA


ចែករំលែក៖