ខេត្តកំពង់ស្ពឺ ៖ មនុស្សប្រុសស្រីពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កពីរគ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ស្ថិតក្នុងភូមិត្រពាំងសាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១និង១៧នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី១៩ខែឧសភាឆ្នាំ២០២២។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ដែលបានស្លាប់ភ្លាមៗដោយសារថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កទាំងពីរគ្រឿងនៅមិនទាន់ស្គាល់អត្តសញ្ញាណនិងទីលំនៅនៅឡើយទេ។ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2C-0102 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុ បានគេចខ្លួន) បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូសណ្តោងរ៉ឺម៉កចំនួនពីរគ្រឿង។
១.ម៉ូតូម៉ាកហុងដាសេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ភេទប្រុស ស្លាប់នៅកន្លែងកើតហេតុ)និង២.ម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ភេទស្រី ស្លាប់នៅកន្លែងកើតហេតុ ) បើកបរពីទិសខាងលិចទៅទិសខាងកើតបុករះពេញទំហឹងអូសកិនជនរងគ្រោះទាំងពីរនាក់ស្លាប់ភ្លាមៗតែម្តង។
ប្រភពបានបន្តទៀតថាសាកសពជនរងគ្រោះតម្កល់នៅមន្ទីរពេទ្យ ហេង សុធារិទ្ធ ស្រុកអង្គស្នួលខេត្តកណ្តាលរង់ចាំក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងទាំង៣គ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគងរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ សូរិយា