ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត ៖ វិស័យការពារជាតិ ជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល

ចែករំលែក៖

ភ្នំពេញ ៖​ នាឱកាស​សម្ពោធអគារទីបញ្ជាការ របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នៅខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែង​បញ្ជាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ​ថា៖​ វិស័យការពារជាតិ ជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួម របស់ជាតិខ្មែរទាំងមូល គឺការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ស្របច្បាប់ សំដៅធានាឱ្យបានដាច់ខាត នូវសន្តិភាព ស្ថិរភាពភាពសុខសាន្ត និងការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ក្នុងន័យនេះ ដើម្បីធានាបានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការ នៃការបំពេញភារកិច្ច ឱ្យបានមុតស្រួច និងលឿនរហ័ស វិស័យការពារជាតិ ចាំបាច់ត្រូវបន្ត ធ្វើទំនើបកម្ម ជាប់ជាប្រចាំ ព្រមជាមួយនឹងទិសដៅច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយភាពឯករាជ្យម្ចាស់ការខ្ពស់ ទាំងលើរចនាសម្ព័ន្ធដឹកនាំបញ្ជា ការហ្វឹកហ្វឺន និងគ្រឿងបំពាក់។

វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតប ចំពោះសេចក្តីត្រូវការ​ក្នុងការពង្រឹង និងពង្រីក សមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាព នៃសមត្ថភាព ក្នុងការបំពេញភារកិច្ច ក្នុងពេលចំពោះមុខ និងរយៈពេលវែងរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់បញ្ជាការដ្ឋានរថក្រោះ។

​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលបានខិតខំរៀបចំ បើកដំណើរការឡើងវិញ នូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នាពេលនេះ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់អង្គភាព ព្រមទាំងផែនការ ហ្វឹកហ្វឺន ប្រចាំឆ្នាំរបស់ បញ្ជាការដ្ឋានកងទ័ពជើងគោក និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ កងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានការអាក់ខាន រយៈពេល ២ ឆ្នាំជាប់គ្នា ដោយសារការរីករាល នៃជំងឺកូវីដ-១៩។

ជាមួួយគ្នានេះ លោកមេបញ្ជាការកងទ័ពជើងគោក​ បានអបអរសាទរ ចំពោះសំណង់អគារ ទីបញ្ជាការថ្មីៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយអគារនេះ ក៏អាចត្រូវបានចាត់ទុក ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបង្ហាញឱ្យឃើញ អំពីការរីកចម្រើន ប្រែមុខប្រែមាត់របស់ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៩៩ ហើយចាប់ពីឆ្នាំ២០០២ ក៏បានសម្រេចរៀបចំ ទីតាំងឈរជើងនៅតំបន់ភ្នំតូច ខេត្តបាត់ដំបង ដោយនៅពេលនោះ ស្ទើរតែគ្មានអ្វីសោះ ព្រោះជាតំបន់ព្រៃរបោះ គ្មានហេដ្ឋរចនាសម្ព័ន្ធ តភ្ជាប់ឡើយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលេីកឡេីងថា៖​ ការបន្តរីកចម្រើនឥតឈប់ឈរនេះ គឺពិតជាបានបង្ហាញឱ្យឃើញ អំពីលទ្ធផលជាក់ស្តែង នៃការយកចិត្តទុកដាក់ និងការគិតគូរ របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី អំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិន នៅគ្រប់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាង ទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួលដល់ ការបំពេញការងារ ប្រចាំថ្ងៃ, ការហ្វឹកហ្វឺនរៀនសូត្រ, ការបំពាក់សម្ភារ បរិក្ខារផ្សេងៗ,​ការលើកស្ទួយជីវភាព សុខមាលភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើង ប្រសិទ្ធនាមថា ជា “អគ្គភស្តុភារជាន់ខ្ពស់” ដែលតែងតែយកចិត្តទុកដាក់ គិតសព្វគិតគ្រប់ ដោយសារខ្លួន សម្តេចតេជោ ផ្ទាល់ ក៏ធ្លាប់ជាយោធិន ដែលបានឆ្លងកាត់ការលំបាក សព្វបែបយ៉ាង នៅក្នុងភ្នក់ភ្លើងសង្គ្រាម។ មួយវិញទៀត នេះក៏បានបង្ហាញផងដែរ ពីកម្លាំងសាមគ្គីភាពដ៏រឹងមាំ រវាងបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ជាមួយនឹងអគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុនឯកជន ក្នុងនាមជាអង្គភាពភាពសម្ព័ន្ធមេត្រីភាពនិងជាការចូលរួមសម្រេចបាន នូវទិសដៅភារកិច្ចស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការបង្កើតឱ្យមានភាតរភាពជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ ដែលជាមូលដ្ឋានគ្រឹះ នៃខឿនការពារជាតិរបស់ប្រជាជន គាំទ្រដល់ការបំពេញភារកិច្ច របស់កងទ័ព ដើម្បីពង្រឹងនូវខឿនការពារជាតិទាំងមូល ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លា៕

ដោយ​៖សហការី​


ចែករំលែក៖