ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

ចែករំលែក៖

ខេត្ត​កណ្ដាល ​៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះសព លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា ដែលលោកទទួលមរណភាព កាលពីថ្ងៃទី១៥ ខែឧសភា ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​។ 

ពិធីបញ្ចុះសពបានប្រារព្ធធ្វើឡើងតាមបែបព្រះពុទ្ធសាសនា មានការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ និងអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ សមាជិកសមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន មន្រ្តីរាជការប្រជាពលរដ្ឋ យ៉ាងច្រើនកុះករក្នុងសេចក្តីក្តុកក្តួលរំជួលចិត្តក្រៀមក្រំឥតឧបមា។

មរណភាពរបស់ លោកសន្តិបណ្ឌិត ឌុល គឿន មិនត្រឹមតែជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅពុំអាចរកអ្វីប្រៀបផ្ទឹមបានរបស់ លោកស្រី សម លក្ខិណា និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់ដោយសេចក្ដីអាឡោះអាល័យជាទីបំផុតនូវមន្ត្រីជាន់ខ្ពស់មួយរូប ដែលធ្លាប់បានលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្កើតបានសមិទ្ធផលជាច្រើន បម្រើដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ។

ស្ថិតក្នុងវេលាដ៏សង្វេគក្រៀមក្រំនេះ សម្ដេចក្រឡាហោម ស ខេង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកសន្តិបណ្ឌិត ឌុល គឿន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ស​ តារា​


ចែករំលែក៖