ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា, ក្រោមម្លប់នៃសន្តិភាព ថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។ នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរឲ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ។
លោក ហ៊ុន ម៉ានី ថ្លែងបន្តថា, សម្រាប់ខ្ញុំ ខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ថ្ងៃនេះ ខ្ញុំក៏បានចេញដំណើរទៅមូលដ្ឋានដើម្បីធ្វើការឃោសនាពីគោលនយោបាយបក្សជូនដល់ប្រជាពលរដ្ឋយើងដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណ ដល់សមាជិកយើងគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។ ជយោ គណបក្សប្រជាជនកម្ពុជា! ៕
ដោយ ៖ សិលា