ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះថា៖ មន្ត្រី ក.ប.ប. នាថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យអនុលោមភាពតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២៥ទីតាំង ដើម្បីពិនិត្យមើលអនុលោមភាពរបស់ម្ចាស់ស្ថានីយ ដេប៉ូប្រេងឥន្ធនៈទាំងអស់ស្ថិតក្នុងភូមិសាស្ត្រស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្រុកពារាំង ខេត្តព្រៃវែង ស្រុកពួកនិងស្រុកស្រីស្នំ ខេត្តសៀមរាប ស្រុកសង្កែ ស្រុកមោងឬស្សីនិងក្រុងបាត់ដំបង ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ក្រែងប្រព្រឹត្តិល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
តាមរយៈលទ្ធផលត្រួតពិនិត្យ មន្ត្រីជំនាញ បានបញ្ជាក់ថា មានដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងប៉ុណ្ណោះដែលត្រូវបានរកឃើញថាមិនមានភាពអនុលោម និងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង។
មន្រ្តីជំនាញ បានបញ្ជាក់បន្ថែមថា ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួន នឹងប្រឈមការពិន័យអន្តរការណ៍របស់មន្ត្រីជំនាញ ពាក់ព័ន្ធករណីរកឃើញថាមានអំពើមិនសុចរិតក្នុងធុរកិច្ច។
គួរជម្រាបដែរថា នៅថ្ងៃទី១៧ ខែឧសភាថ្មីៗនេះ សាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះអង្កេតតាមដានតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ ដេប៉ូ បានសរុបចំនួន ១២ទីតាំង ទន្ទឹមនឹងនោះបាននាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pump watch) ចុះប្រតិបត្តិត្រួតពិនិត្យជាក់ស្តែងលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបានសរុបចំនួន ១២ទីតាំងផងដែរ។
ជាលទ្ធផលយោងតាមរបាយការណ៍របស់មន្ត្រីជំនាញ ពុំមានស្ថានីយ ដេប៉ូប្រេងឥន្ធនៈដាក់លក់ក្នុងតម្លៃលើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មឡើយ។ ដោយឡែកបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំង ក្នុងចំណោម ១២ទីតាំង ប្រកបអាជីវកម្មមិនស្មោះត្រង់ និងមិនមានអនុលោមភាពក្នុងធុរកិច្ចរបស់ខ្លួន ដូចនេះមន្ត្រីជំនាញបានចាត់វិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕
ដោយ៖សហការី