ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញ​ ក.ប.ប. បន្តអនុវត្តនីតិវិធីលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈដែលលក់ប្រេងកេងបន្លំប្រជាពលរដ្ឋ​ចំនួន​ ៧ទីតាំង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា​៖​ មន្ត្រី ក.ប.ប. នាថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២២ បានបន្តចុះត្រួតពិនិត្យអនុលោមភាពតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២៥ទីតាំង ដើម្បីពិនិត្យមើលអនុលោមភាពរបស់ម្ចាស់ស្ថានីយ ដេប៉ូប្រេងឥន្ធនៈទាំងអស់​ស្ថិតក្នុងភូមិសាស្ត្រស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ស្រុកពារាំង ខេត្តព្រៃវែង ស្រុកពួកនិងស្រុកស្រីស្នំ ខេត្តសៀមរាប ស្រុកសង្កែ​ ស្រុកមោងឬស្សីនិងក្រុងបាត់ដំបង ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ក្រែងប្រព្រឹត្តិល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ 

តាមរយៈលទ្ធផលត្រួតពិនិត្យ មន្ត្រីជំនាញ​ បានបញ្ជាក់ថា មានដេប៉ូប្រេងឥន្ធនៈចំនួន ៧ទីតាំងប៉ុណ្ណោះដែលត្រូវបានរកឃើញថាមិនមានភាពអនុលោម និងបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង។

មន្រ្តីជំនាញ​ បានបញ្ជាក់បន្ថែមថា​ ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈមួយចំនួន​ នឹងប្រឈមការពិន័យអន្តរការណ៍របស់មន្ត្រីជំនាញ​ ពាក់ព័ន្ធ​ករណីរកឃើញថាមានអំពើមិនសុចរិតក្នុងធុរកិច្ច។ 

គួរជម្រាបដែរថា​ នៅថ្ងៃទី១៧ ខែឧសភាថ្មីៗនេះ​ សាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះអង្កេតតាមដានតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ ដេប៉ូ បានសរុបចំនួន ១២ទីតាំង ទន្ទឹមនឹងនោះបាននាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pump watch) ចុះប្រតិបត្តិត្រួតពិនិត្យជាក់ស្តែងលើស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈបានសរុបចំនួន ១២ទីតាំងផងដែរ។

ជាលទ្ធផលយោងតាមរបាយការណ៍របស់មន្ត្រីជំនាញ ពុំមានស្ថានីយ ដេប៉ូប្រេងឥន្ធនៈដាក់លក់ក្នុងតម្លៃលើសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មឡើយ។ ដោយឡែកបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំង ក្នុងចំណោម ១២ទីតាំង ប្រកបអាជីវកម្មមិនស្មោះត្រង់ និងមិនមានអនុលោមភាពក្នុងធុរកិច្ចរបស់ខ្លួន ដូចនេះមន្ត្រីជំនាញបានចាត់វិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖