ព័ត៌មានទាន់ហេតុការណ៍៖

ដោះស្រាយគំនុំចាស់ដោយប្រើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់យកទៅចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លូនក្នុងករណីប្រើហិង្សាដោយយកដាវកាប់ក្បាលជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ដើម្បីជាការសងសឹកគំនុំចាស់កាលពីមុន។

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិព្រីងជ្រំុ ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

   សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះង៉ុយ សំណាងអាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រីងជ្រុំ  ឃុំព្រះពន្លា ស្រុកកំពង់រោទ៍និងឈ្មោះក្រូច សុជាតិ អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រីងជ្រុំ ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ព្រមទាំងដកសម្ភារវត្ថុតាងមានដាវកែច្នៃចំនួន០១ដើមដែលធ្វើសកម្មភាពផងដែរ។

     ចំណែកជនរងគ្រោះមានឈ្មោះស៊ុំ ដារ៉ា  អាយុ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអង្គតាមោគ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង របួសត្រូវត្រង់ក្បាលចំនួន០១ដាវ(ដាវកែច្នៃ)បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគបាលរដ្ឋបាលឃុំព្រះពន្លាដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖