ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋកុំជឿការឃោសនាណាមួយ ដែលផ្ទុយនឹង ច្បាប់ដើម្បីបង្អាក់ការបោះឆ្នោតឃុំ-សង្កាត់ ព្រមទាំងឃោសនាទាំងឡាយណាក្នុងន័យអវិជ្ជមាន ឬភូតកុហកបំភ្លៃការពិត ឬអុជអាល ញុះញង់ជាអំពើអសីលធម៌ និងមិនផ្តល់ភាពរីកចម្រើនដល់សង្គមជាតិ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង នាព្រឹកថ្ងៃ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំឃុំ សង្កាត់របស់ខ្លួន សម្រាប់បន្តអភិវឌ្ឍន៍ឃុំ-សង្កាត់បន្តទៀត។ សម្តេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋកុំជឿការឃោសនាណាមួយ ដែលផ្ទុយនឹង ច្បាប់ដើម្បីបង្អាក់ការបោះឆ្នោតឃុំ-សង្កាត់។ 

ជាមួយគ្នានោះដែរសម្តេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿការឃោសនាណាមួយដែលផ្ទុយនឹងច្បាប់ និងមាននិន្នាការបង្អាក់ដល់ដំណើរការបោះឆ្នោត ព្រមទាំងឃោសនាទាំងឡាយណាក្នុងន័យអវិជ្ជមាន ឬភូតកុហកបំភ្លៃការពិត ឬអុជអាល ញុះញង់ជាអំពើអសីលធម៌ និងមិនផ្តល់ភាពរីកចម្រើនដល់សង្គមជាតិ ក៏ដូចជាភូមិ ឃុំរបស់យើង។

សម្តេចគូសបញ្ជាក់ថា «ការបោះឆ្នោតឃុំ សង្កាត់ មានសារៈសំខាន់ណាស់ បន្ទាប់ពីការបោះឆ្នោតជាតិ ជាការបោះឆ្នោតធំ ហើយការបោះឆ្នោតធំទី២ គឺការបោះឆ្នោតឃុំ-សង្កាត់ហ្នឹងហើយដែលសិទ្ធិទាំងឡាយក្នុងការតែងតាំង ថ្នាក់ដឹកនាំឃុំ-សង្កាត់ ដែលពីមុនទុកឱ្យថ្នាក់ខេត្ត ឬស្រុកតែងតាំង តែពេលនេះទុកជូនប្រជាពលរដ្ឋ ដើម្បីលោកបោះឆ្នោតជ្រើសរើសដោយផ្ទាល់ ពីព្រោះអ្នកនឹងនៅជិតផ្ទាល់ជាមួយពលរដ្ឋ»។

សម្តេចក៏បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានមិនត្រឹមតែចេះកាន់កាំភ្លើងដើម្បីធ្វើសង្គ្រាមរំដោះប្រទេសជាតិនោះទេ តែថ្នាក់ដឹកនាំក៏ចេះដោះស្រាយបញ្ហា ផ្សេងទៀតរហូដល់សកលលោកផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ភ្ជាប់ នូវឧត្តមគិតធ្វើអ្វីៗដើម្បីជាតិ និងប្រជាពលរដ្ឋ។ អីចឹងហើយមិនមែនតែចេះកាន់កាំភ្លើង កាច់កៃធ្វើសង្គ្រាមនោះទេ គឺមកដឹកនាំសេដ្ឋកិច្ចក៏បាន ដឹកនាំវិស័យអប់រំធនធានមនុស្សក៏បាន ដឹកនាំនយោបាយការបរទេសក៏បាន។ យើងធ្វើបានតាំងពីយើងឯកកោគេហ៊ុព័ទ្ធផ្នែកនយោ បាយសង្គម សេដ្ឋកិច្ច ផងដែរ តែឥឡូវនេះកម្ពុជាបានដើរតួដើម្បីដោះស្រាយវិបត្តិ នៅសកលលោក ក៏ដូចក្នុងតំបន់ផងដែរ»។

សម្តេចនាយករដ្ឋមន្ត្រីស្តីទី ក៏បានលើកឡើងពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានធ្វើ បានច្រើនផ្នែកដោយសារថ្នាក់ដឹកនាំទាំងអស់ បានឆ្លងកាត់បទពិសោធន៍ ហើយការ ប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយដើម្បីជាតិ និងដើម្បីប្រជាពលរដ្ឋ ។

ដោយសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអំពាវនាវសង្កត់ធ្ងន់ថា, ប្រជាពលរដ្ឋកុំជឿការឃោសនាណាមួយ ដែលផ្ទុយនឹងច្បាប់ក្នុងន័យបង្អាក់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខនេះ ៕

ដោយ ៖ សហការី


ចែករំលែក៖