កាលពីថ្ងៃទី២២ខែឧសភា កូរ៉េខាងជើង បានរៀបចំពិធីបុណ្យសពជូនសេនាប្រមុខកងទ័ពកូរ៉េខាងជើង Hyon Chol Hae និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងការពារជាតិ។ ពិធីបុណ្យត្រូវបានធ្វើឡើងតាមពិធីរបស់រដ្ឋ ។ លោក Hyon Chol Hae បានទទួលមរណភាពនៅថ្ងៃទី១៩ ខែឧសភា ក្នុងជន្មាយុ៨៧ឆ្នាំ។
ពិធីបុណ្យសពត្រូវបានធ្វើឡើងនៅអគារវប្បធម៌នៅទីក្រុងព្យុងយ៉ាង ។ សារព័ត៌មាន KCNA បានផ្សាយថា លោក Hyon Chol Hae ជាមនុស្សជំនិតរបស់អតីតមេដឹកនាំ គីម ជុងអុីល ក៏ដូចជាអ្នកជំនិត របស់មេដឹកនាំ គីម ជុងអ៊ុនផងដែរ។
តាមសារព័ត៌មាន KCNA មេដឹកនាំ គីម ជុងអ៊ុន គឺជាប្រធានគណៈកម្មការរៀបចំបុណ្យសពជូន លោក Hyon Chol Hae។ កម្លាំងទាហានកូរ៉េខាងជើងបានឱនក្បាលគោរពក្នុងពេលដែលក្បួនដង្ហែសពលោក Hyon Chol Haeឆ្លងកាត់ ។ សពលោក Hyon Chol Hae ត្រូវបានដង្ហែនៅតាមផ្លូវថ្នល់សំខាន់ៗ ក្នុងទីក្រុងព្យុងយ៉ាង។
លោក គីម ជុងអ៊ុន បានយកដៃកើបដីខ្យាច់កប់ផ្នូរ លោក Hyon Chol Hae នៅកន្លែងបញ្ចុះសពក្នុងទីក្រុងព្យុងយ៉ាង។ ក្នុងពេលបញ្ចុះសព ក៏មានការបាញ់កាំភ្លើងធំចំនួន១៨០គ្រាប់ដើម្បីជាការបង្ហាញភាពសោកស្តាយចំពោះការបាត់បង់ វីរបុរសមួយរូបរបស់កូរ៉េខាងជើង៕ ដោយ៖ ធីរីណា
រូបថត ៖ KCNA