ខេត្តរតនគិរី៖ បេីតាមការបញ្ជាក់ពីមន្ត្រីការពារនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ បានឱ្យដឹងថា៖ បន្ទាប់ពីមានការអភិរក្ស ដោយយកចិត្តទុកដាក់ ពីមន្ត្រីដែនជម្រកសត្វព្រៃ រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្រុកលំផាត់ កំពុងមមាញឹកជាមួយការប្រមូលផ្សិតព្រៃលក់ ដេីម្បីជួយបង្កើនប្រាក់ចំណូល សម្រាប់ជីវភាពគ្រួសារ។
មន្រ្តីដដែល បានបន្ថែមថា ឆ្នាំនេះ មានផ្សិតព្រៃចំនួនពីរប្រភេទ គឺផ្សិតក្ងោក និងផ្សិតអំបោះ នៅស្ថិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋដើរប្រមូល។ សហគមន៍វាលកំបោរ គឺជាព្រៃស្ថិតនៅក្នុងព្រៃការពារធម្មជាតិ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។
បេីតាមក្រុមការងារសហគមន៍ អង្គការជីវិតធម្មជាតិនៅកម្ពុជា ក៏បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋទាំងនោះ ក្នុងម្នាក់ៗ អាចដកផ្សិតបានពី ៥ ដល់ ១០គីឡូក្រាម តាមស្ថានភាពជាក់ស្តែង។ ប្រជាពលរដ្ឋ ដែលរកបានច្រើន គាត់លក់ខ្លះ និងទុកខ្លះ ដើម្បីធ្វើជាអាហារ។ ក្នុងនោះផងដែរ ផ្សិត ១គីឡូក្រាម លក់បាន ៥.០០០ ទៅ ១២.០០០ រៀល ខណៈដែលឈ្មួញខ្លះ ក្នុងមួយថ្ងៃ ទិញបានចន្លោះពី ៥០០ ទៅ ១.០០០ គីឡូក្រាម។
សូមជម្រាបថា រដូវកាលប្រមូលផលផ្សិត គេសង្កេតឃើញថា មានឈ្មួញ ៣ទៅ ៥នាក់ ចាំទទួលទិញ ពីសហគមន៍តំបន់ការពារធម្មជាតិ វាលកំបោរ។ ដូច្នេះហើយ បានជាធនធានធម្មជាតិព្រៃឈើ ដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការរស់នៅរបស់ប្រជាសហគមន៍ ការពារព្រៃឈើ គឺការពារប្រភព ទ្រទ្រង់ជីវភាពយើង៕
ដោយ៖សហការី