ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលបានចុះបង្ក្រាបករណីរំលោភលើទំនុកចិត្ត(បញ្ចាំម៉ូតូ)០១ករណីនិងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន២នាក់បញ្ជូនទៅសាកសួរនៅស្នងការដ្ឋានខេត្តបាត់ដំបង។
មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ប៉េ សីហា (ហៅខ្វាក់) ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង(អ្នកយកម៉ូតូទៅបញ្ចាំ) និងទី២-ឈ្មោះ អ៊ូច សារ៉ន ភេទប្រុស អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង(អ្នកទទួលបញ្ចាំ)។
ចំណែកវត្ថុតាងដែលដកហូតមានម៉ូតូម៉ាកហុងដាឌ្រីមចំនួន០៦គ្រឿង និងម៉ូតូម៉ាកហុងដាស្គូពីចំនួន០៣គ្រឿង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១៥និង៣០នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជនសង្ស័យឈ្មោះ ប៉េ សីហា បានខ្ចីម៉ូតូគេ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខបន្ទាយមានជ័យ 1C-6938 ពីជនរងគ្រោះឈ្មោះ ខៀវ សុថា ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ដើម្បីទៅហូបចំណីអាហារនៅខាងក្រៅ តែពេលខ្ចីម៉ូតូបានហេីយជននេះក៏យកទៅបញ្ចាំនឹងឈ្មោះ អ៊ូច សារ៉ន ដោយគ្មានឯកសារអ្វីទាំងអស់ ។
ដោយឃើញសកម្មភាពរបស់ជនសង័្សយបែបនេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតយ៉ាងដិតដល់មក ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង័្សយ រួចនាំទៅដល់កន្លែងទទួលបញ្ចាំធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតម៉ូតូរបស់ជនរងគ្រោះរួមនឹងម៉ូតូពាក់ព័ន្ធផ្សេងទៀតសរុបចំនួន៩គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងអ្នកទទួលបញ្ចាំត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី រីឯម៉ូតូជនងគ្រោះត្រូវបានប្រគល់ជូនម្ចាស់វិញផងដែរ៕
ដោយ៖ចន្ទ លីហ្សា