ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញចុះសំណេះសំណាលផ្ទាល់ជាមួយបេក្ខភាពក្រុមប្រឹក្សាពេញសិទ្ធិ និងបម្រុងនៅសង្កាត់បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ស្កាត់ទន្លេបាសាក់ សង្កាត់ចាក់អង្រែលើ ក្នុងខណ្ឌចំការមន និងសង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមសរុបប្រមាណជាង២០០នាក់នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ និងបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំក្នុងមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងឆ្លើយតបឱ្យបានទាន់ពេលវេលានូវរាល់តម្រូវការជាអាទិភាពនានា។
ជាមួយគ្នានោះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់បេក្ខភាពក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ បន្តចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ធ្វើជាឃោសនិកល្អ ធ្វើអំពើល្អ និងផ្សព្វផ្សាយអំពីសមិទ្ធផលធំៗរបស់គណបក្ស ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងឈានឆ្ពោះទៅរកជ័យជម្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ នាពេលខាងមុខ ៕
ដោយ ៖ សិលា