ប្រទេសស្វីស ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីពាណិជ្ជកម្ម ដឹកនាំដោយលោកស្រីបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជួបប្រជុំ ដើម្បីរកចំណុចឯកភាពរួមលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល សម្រាប់ផលប្រយោជន៍រួម ការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ១៤.៥ និងនិរន្ដរភាពនៃជលផល ព្រមទាំងប្រជានេសាទដែលពឹងផ្អែកលើវិស័យជលពលដើម្បីជីវភាព។ ក្នុងន័យនេះ ការព្យាយាមរកចំណុចឯកភាពរួមក្នុងការចរចានេះ គឺដើម្បីបង្ហាញថា ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនៃអង្គការ WTO នៅតែមានសារៈសំខាន់សម្រាប់សមាជិក។
ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្ដិ បានលើកឡើងអំពីប្រព្រឹត្តកម្មពិសេស និងដោយឡែក (Special and Differential Treatment – SDT) សម្រាប់ប្រទេសកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួច ដែលកំពុងក្លាយជាបញ្ហាជាប់គាំងក្នុងកិច្ចពិភាក្សា ហើយគួរត្រូវបានដោះស្រាយភាពបត់បែនពីសមាជិកអង្គការ WTO។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ចំណូលតិចតួច ធនធាននិងជីវភាពខ្សត់ខ្សោយពាក់ព័ន្ធនឹងសកម្មភាពជលផលរបស់ប្រទេសអភិវឌ្ឍន៍តិចតួច មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់និរន្ដរភាពនៃជលផលនោះទេ ដូច្នេះប្រព្រឹត្តកម្មពិសេស និងដោយឡែក (SDT) គួរត្រូវបានផ្ដល់ជូនប្រទេសអភិវឌ្ឍន៍តិចតួចទាំងនោះ។
លោករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាចង់ឃើញលទ្ធផលសំខាន់ៗកើតចេញពីការចរចាលើបញ្ហាមួយចំនួនដូចជា ការលើកលែងក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល, កិច្ចព្រមព្រៀងឧបត្ថម្ភជលផល, កសិកម្ម, -ល- មុនពេលសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០២២។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះករណីកិច្ចព្រមព្រៀង TRIPS កម្ពុជានិងប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវការភាពបត់បែនបន្ថែមទៀតក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីឆ្លើយតបនឹងជំងឺរីករាលដាលឱ្យមានប្រសិទ្ធភាព ជាពិសេសដើម្បីពន្លឿន និងពិពិធកម្មផលិតកម្មវ៉ាក់សាំង និងទំនិញចាំបាច់ដទៃទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរីករាលដាល។ លោក ប៉ាន សូរស័ក្ដិ បន្ដថា ចំពោះការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល ការចរចាផ្អែកលើអត្ថបទ (text-based negotiation) គួរត្រូវបានពន្លឿន ដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗនៅពេលកិច្ចប្រជុំ MC12 ខាងមុខនេះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ជូនលោកជំទាវអគ្គនាយក WTO ថា កម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួច ចាប់អារម្មណ៍ចំពោះបញ្ហានិងប្រធានបទមួយចំនួនផ្សេងទៀត ដូចជា ការចាកចេញដោយរលូនពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច, បញ្ហាអភិវឌ្ឍន៍ និងការធ្វើកំណែទម្រង់អង្គការ WTO៕
ដោយ៖សហការី