ព័ត៌មានទាន់ហេតុការណ៍៖

លោក មុត ចន្ថា បញ្ជាក់”អ្នកថាបក្សភ្លើងទៀននិងអតីតបក្សសង្រ្គោះជាតិ គឺតែមួយ គឺជាអំពើបោកប្រាស់ និងបំភ័ន្តមតិ”

ចែករំលែក៖

ភ្នំពេញ៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានប្រកាសថា ការឃោសនាថា បក្សភ្លើងទៀន និងអតីតបក្សសង្រ្គោះជាតិ គឺតែមួយ គឺជាអំពើបោកប្រាស់ និងបំភ័ន្តមតិ។ លោកថា ការយកឈ្មោះអតីតបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយទៅភ្ជាប់ដើម្បីឃោសនារកសម្លេងគាំទ្រ គឺជាអំពើរំលោភពានលើច្បាប់វិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត និងបទបញ្ជា និង នីតិវីធី គជប ហើយនិងសាលដីការបស់តុលាការកំពូល។

 «កុំធ្វើនយោបាយទុច្ចរិត!»

មាត់ចោទគេថា ធ្វើនយោបាយទុច្ចរិត ប៉ុន្តែខ្លួនឯងក៏កំពុងធ្វើនយោបាយទុច្ចរិត និងកំពុងពានច្បាប់ជាធរមាន! អ្វីជានយោបាយទុច្ចរិត?

ទី១៖ សារជាសម្លេងដែលរៀបរាប់អំពីប្រវត្តិរបស់បក្សភ្លើងទៀន បានអះអាងថា អតីតបក្សសមរង្ស៉ី បច្ចុប្បន្នបក្សភ្លើងទៀនថា បានចូលរួមក្នុងការបោះឆ្នោតសភា ឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។ នេះជាអំពើទុច្ចរិតក្នុងចេតនាបំភ័ន្ត និងបន្លំប្រវត្តិសាស្រ្ត និងកេងចំណេញនយោបាយដោយបំពារបំពានច្បាប់ អសីលធម៌ និងអគុណធម៌។ តាមពិតអតីតបក្សសមរង្ស៉ី បច្ចុប្បន្នបក្សភ្លើងទៀន «មិនដែលបានចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧» ឡើយ ផ្ទុយទៅវិញមានតែគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយប៉ុណ្ណោះបានចូលរួម។

ទី២៖ ការស្រែកជយឃោស «បក្សភ្លើងទៀន និង បក្សសង្រ្គោះជាតិ គឺតែមួយ» គឺជាអំពើទុច្ចរិតនយោបាយ ព្រោះបក្សភ្លើងទៀនបានរត់ចោលបក្សសង្រ្គោះជាតិ និងបានក្បត់សម្ព័ន្ធភាពនយោបាយទៅចូលរួមក្នុងការបោះឆ្នោត និងឆន្ទៈរបស់អ្នកគាំទ្រ ដើម្បីបម្រើឱ្យផលប្រយោជន៍នយោបាយរបស់លោក សម រង្ស៉ី និងអ្នកនយោបាយជាប់ទោសនៅក្រៅប្រទេស ដែលមិនមែនជាបុព្វហេតុ និងមិនតំណាងឱ្យផលប្រយោជន៍របស់បក្សសង្រ្គោះជាតិឡើយ។

ទី៣៖ លោក សម រង្ស៉ី បានប្រកាសដោយបើកចំហថា គាត់នឹងយកលទ្ធផលបោះឆ្នោតឃុំ ធ្វើជាឈ្នាន់តថ្លៃនយោបាយ ដើម្បីជាថ្នូរអាចវិលត្រឡប់ចូលស្រុកខ្មែរ នៅពាក់កណ្តាលខ្មែរមិថុនា ឆ្នាំ២០២២។ ចំណុចនេះសបញ្ជាក់យ៉ាងច្បាស់ថា បក្សភ្លើងទៀនបម្រើឱ្យមហិច្ឆតានយោបាយរបស់លោក សម រង្ស៉ី។

ដូច្នេះបក្សភ្លើងទៀនមិនតំណាងឱ្យឆន្ទៈ និងស្មារតីរបស់អ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិឡើយ។ ហេតុផលប្រាកដនិយមដែលអាចបញ្ជាក់យ៉ាងច្បាស់នោះគឺលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីតតាំងក្តីនៅក្នុងតុលាការ ដើម្បីស្វែងរកយុត្តិធម៌ ប៉ុន្តែបក្សភ្លើងទៀន និងលោក សម រង្ស៉ី មិនដែលនឹកនាដល់ ឬប្រកាសថានឹងធ្វើអ្វី ដើម្បីជួយមេដឹកនាំរបស់ខ្លួនម្តងណាឡើយ។ យើងក៏មិនដែលត្រូវការឱ្យបក្សភ្លើងទៀន និងលោក សម រង្ស៉ី ធ្វើអ្វីជួយដល់លោកកឹម សុខា ដែរ ព្រោះរយៈពេលជិត៥ឆ្នាំមកនេះ ទាំងបក្សភ្លើងទៀន និងលោក សម រង្ស៉ី មិនបានធ្វើអ្វីជួយជ្រោមជ្រែងដល់ លោក កឹម សុខា ម្តងណាឡើយ ក្រៅតែពីបង្កើតរឿងរ៉ាវមិនចេះចប់មិនចេះហើយក្នុងចេតនាផ្សារ ភ្ជាប់ជាមួយគាត់ក្នុងអំពើល្មើសច្បាប់ថែមទៀង ដូចជា៖ ប្រមាថគាត់ថាជាប់គុកសប្បនិមិត្តនិងឥតប្រយោជន៍, យកសេរីភាពរបស់គាត់ធ្វើជាល្បែងភ្នាល់លេង, បង្កើតពាក្យស្លោក «សម រង្ស៉ី-កឹម សុខា ជាមនុស្សតែមួយ» ដោយអត្តនោមតិ ដើម្បីប្រមូលលុយច្រកហោរប៉ៅផ្ទាល់ខ្លួន, ប្លន់យកមុខដំណែងប្រធានស្តីទីបក្សសង្រ្គោះជាតិ ដោយពានច្បាប់បក្សនិងច្បាប់រដ្ឋ, បង្កើតចលនាសង្រ្គោះជាតិដោយខុសច្បាប់ និងបានប្រកាសប្រើប្រាស់កម្លាំងនិងហិង្សា ដើម្បីផ្តួលរំលំអ្នកដឹកនាំ, ផែនការ ៩ វិច្ឆិកា ២០១៩ ដើម្បីចូលមកចាប់ប្រមុខរាជរដ្ឋាភិបាល នាំយកទៅកាត់ទោសនៅពោះមុខតុលាការមហាជន ។ល។

ទី៤៖ ការបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ គឺគ្មានវត្តមានបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ហើយក៏គ្មានវត្តមានរបស់ លោកកឹម សុខា ជាប្រធានបក្សនេះ ចូលរួមឡើយ។ អ្វីដែលបក្សភ្លើងទៀនកំពុងឃោសនាថា បក្សខ្លួន និងបក្សសង្រ្គោះជាតិ គឺដូចគ្នា ឬតែមួយ គឺជាអំពើបោកប្រាស និងបំភ័ន្តមតិ។

អំពើរំលោភច្បាប់ៈ

ទី១៖ ការយកសមិទ្ធផលរបស់គណបក្សសង្រ្គោះជាតិ ទៅឃោសនានយោបាយ គឺជាការរំលោភលើច្បាប់វិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវីធី គជប ហើយនិងសាលដីការបស់តុលាការកំពូល។

ទី២៖ ការយកឈ្មោះបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយទៅភ្ជាប់ ដើម្បីឃោសនារកសម្លេងគាំទ្រ គឺជាអំពើរំលោភពានលើច្បាប់វិសោធនកម្ម នៃច្បាប់ ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវីធី គជប ហើយនិងសាលដីការបស់តុលាការកំពូល។

ទី៣៖ អ្នកនយោបាយជាទណ្ឌិត ឬជាអ្នកទោសដោយមានសាលក្រមស្ថាពរ ជួយឃោសនាឱ្យបក្សភ្លើងទៀន គឺជាអំពើរំលោភបំពានលើមាត្រា ៦-ថ្មី (ពីរ) ចំណុចទី៧ នៃច្បាប់វិសោធនកម្ម នៃច្បាប់ ស្តីពីគណបក្សនយោបាយ និងសាលដីការបស់តុលាការកំពូល។

សរុបមកវិញ៖

ទី១៖ បក្សភ្លើងទៀនមិនតំណាងឱ្យ ឬជំនួសឱ្យគណ បក្សសង្រ្គោះជាតិ ឡើយ។ បក្សភ្លើងទៀន ក៏ទំនងមិនតំណាងឱ្យលោក សម រង្ស៉ី ដែរ ព្រោះគាត់នៅកំពុងឱបមុខតំណែងប្រធានស្តីទី ដែលគាត់បានប្លន់យក កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅឡើយ។ កាលពីពេលថ្មីនេះ លោក សម រង្ស៉ី បាននិយាយថា គ្មានគណបក្សណា ឬ អ្វីដែលគាត់អះអាងថា ជាបក្សអំពិលអំពែក

មិនអាចមកជំនួសអតីតបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោតបានឡើយ។

ទី២៖ ទោះជាយ៉ាងនេះក្តី បក្សភ្លើងទៀន នៅតែភ្ជាប់ខ្លួន និងយកឈ្មោះរបស់លោក សម រង្ស៉ី ដើម្បីទៅឃោសនារកសម្លេងឆ្នោតហើយគាត់ក៏មិនបានប្រកាសបដិសេធ និងថែមទាំងជួយឈោសនាឱ្យបក្សភ្លើងទៀន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលជាអំពើរំលោភពានលើមាត្រា ៦-ថ្មី (ពីរ) ចំណុចទី៦ នៃច្បាប់វិសោធនកម្ម នៃច្បាប់ ស្តីពីគណបក្សនយោបាយ។

ទី៣៖ ទាំងលោក សម រង្ស៉ី និងអ្នកនយោបាយមាន ទោសនៅក្រៅប្រទេសបាន និងកំពុងឃោសឱ្យបក្សភ្លើង ទៀន និងការភ្ជាប់ជាមួយអតីតបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ មានធាតុផ្សំបទលើសគ្រប់គ្រាន់ បន្ថែមលើភស្តុតាងផ្សេងទៀតដែលមានស្រាប់ ដែលក្រសួង មហាផ្ទៃជាសាមីក្រសួងដោយផ្ទាល់នេះអាចចាត់ វិធានការតាមច្បាប់ជាធរមាន ប្រសិនជាការអនុវត្តច្បាប់ត្រឹមត្រូវដោយគ្មានការរើសមុខនោះ។

នៅក្នុងអង្គសវនាការ កាលពីថ្ងៃពុធ ទី២៥ ខែឧសភា លោកកឹម សុខា បានប្រកាសថា «លោកមិននៅក្បែរ និងមិនសេពគប់តទៅទៀតឡើយ ជាមួយមនុស្សដែលលោកចាត់ទុកថា នាំឱ្យខូចដល់ប្រយោជន៍ជាតិនោះទេ»។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា ធ្លាប់ប្រកាសជាសាធារណៈស្នើទៅលោក សម រង្ស៉ី និងក្រុមរបស់គាត់ ឱ្យបញ្ឈប់យកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយតទៅទៀត។ ការប្រកាសដូចនេះបានធ្វើឡើង បន្ទាប់ពីបក្សភ្លើងទៀនបានប្រកាសចាកចេញ ពីអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីចូលរួមបោះ ឆ្នោត។ កន្លងមកនៅមុនលោកប្រកាសនេះ ក្រុមមេធាវី និងសហការីជិតស្និទ្ធរបស់លោកធ្លាប់បានប្រកាសជា ច្រើនលើក ដោយស្នើឱ្យលោក សម រង្ស៉ី និងគូកនបញ្ឈប់ប្រើប្រាស់ឈ្មោះ រូបថត និងពាក្យស្លោក សម រង្ស៉ី – កឹម សុខា គឺជាមនុស្សតែមួយ ប៉ុន្តែលោក សម រង្ស៉ី និងគូកន នៅតែមានះមិនព្រមបញ្ឈប់។

កាលថ្មីៗ លោក សម រង្ស៉ី បានប្រកាសថា នឹងវិល ត្រឡប់ចូលកម្ពុជាវិញ នៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២២ ខាងមុខ បន្ទាប់ពីគាត់បានកុហកបោកប្រាស់ អំពីផែនការវិលត្រឡប់ ឬដែលហៅថា ផែនការមាតុភូមិនិវត្តន៍ ឆ្នាំ២០១៩, ឆ្នាំ២០២០ និងឆ្នាំ២០២១ រួចមក។ សម្តេច ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈជា ច្រើនលើកថា លោកនឹងកាត់ដៃ ប្រសិនជាលោកចុះ ហត្ថលេខាស្នើសុំទៅអង្គព្រះមហាក្សត្រ ដើម្បីប្រោសព្រះរាជទានលើកលែងទោសឱ្យលោក សម រង្ស៉ី។ ចាំមើល តើលោក សម រង្ស៉ី ក្លាហានហ៊ានវិលចូលកម្ពុជា ដូចខ្លួនបានប្រកាស ដែរឬទេ?៕

ដោយ៖ សូរិយា


ចែករំលែក៖