ខេត្តសៀមរាប ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានទទួលព័ត៌មានជាវីដេអូក្នុងសកម្មភាពហែក្បួនឃោសនា របស់គណបក្សភ្លើងទៀន នៅសង្កាត់ស្លក្រាម (០៦៥) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២ និង១០ នាទីរសៀល ដែលសកម្មជន ឬ អ្នកគាំទ្រគណបក្សភ្លើងទៀន បានស្រែកជ័យឃោសថា៖ “ជយោ! គណបក្សសង្គ្រោះជាតិ”។ ខ្លឹមសារនេះ គឺកំពុងផ្សាភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន នឹងអតីត គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយសាលដីកាលេខ ៣៤០ (ឆ)របស់តុលាការកំពូល និង ប្រកាសលេខ ៥៤០៥ ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការលុបគណបក្សសង្គ្រោះជាតិ ចេញពីគណបក្សនយោបាយ ព្រមទាំងពុំឆ្លើយតបនឹងមាត្រា ៦៧ និងផ្ទុយពីខ្លឹមសារមាត្រា ៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់។
គណ:កម្មការរៀបចំការបោះឆ្នោតខេត្ត សូមជម្រាបលោកប្រធាន ធ្វើការណែនាំដល់សកម្មជន ឬ អ្នកគាំទ្ររបស់គណបក្សភ្លើងទៀន ឱ្យបញ្ឈប់ការស្រែកជ័យឃោសផ្សាភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន នឹង អតីតគណបក្សសង្គ្រោះជាតិ។ ក្នុងករណីសកម្មភាពនេះនៅតែបន្ត គណ:កម្មការរៀបចំការបោះឆ្នោតខេត្ត នឹង ចាត់វិធានការតាមផ្លូវច្បាប់។
អាស្រ័យហេតុនេះ សូមលោកប្រធាន គោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២ តាមការគួរ៕
ដោយ ៖ សុខ ខេមរា