ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបើកសវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្សពួកករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី

ចែករំលែក៖

ភ្នំពេញ៖  នៅថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្សពួកករណីប្លន់ឧកញ៉ា 

អ៊ាន សៀវម៉ី ហើយសវនាការនេះនឹងបន្តនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នាវេលារសៀលបន្តទៀត។

    នៅក្នុងអង្គសវនាការ ជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានឆ្លើយថា លោកបានរៀបគម្រោងមួយថ្ងៃដើម្បីប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ហើយលោកទទួលស្គាល់ថាលោកពិតជាបានប្លន់មែន តែចំពោះមូលហេតុលោកសុំមិននិយាយទេ ព្រោះវាជាសិទ្ធិរបស់លោក។      សវនាការនេះបានសួរលើជនជាប់ចោទបាន២នាក់គឺឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងឈ្មោះ នេត ផៃមុនី។

    ជនជាប់ចោទ១-ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរអតីតប្រធានគណបក្សខ្មែរក្រោក នឹងជាមេខ្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ (ឧកញ៉ា អ៊ាន សៀវម៉ី), ២-ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ (អ្នកស្លៀកពាក់ឯកសណ្ឋាននគរបាលនិងជាអ្នកធ្វើសកម្មភាព), ៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ ឆ្នាំ, ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ឆ្នាំ, ៥.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ឆ្នាំ, ៦.ឈ្មោះ សុវណ្ណ ស្រីសុរិយោពណ៌ ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង), ៧.ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ២៧ឆ្នាំ ។

ជនជាប់ចោទទាំង៧នាក់ជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស  បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បទក្លែងឯកសារសាធារណៈ ក្លែងដីកាត្លាការនិងបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស តាមមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកលក់ឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖