ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកស៉ីម៉ងត៍បើកបរខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវ តែមិនបង្កឱ្យមានមនុស្សរងរបួសឡើយ

ចែករំលែក៖

    ភ្នំពេញ៖ រថយន្តធុនធំប្រភេទក្រឡុកស៉ីម៉ងត៍បើកបរដោយខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ផ្ងារជើងកណ្ដាលផ្លូវហើយអូសទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យខូចខាតផ្នែកខាងក្រោយនិងចំហៀង តែសំណាងល្អមិនបង្កឱ្យមានមនុស្សរងរបួសឡើយ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង កែងផ្លូវលេខលេខ២០១១ ខាងលិចផ្សារបឹងបៃតង ក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់  ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     តាមប្រភព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AY-6005 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ភ្លាមៗនោះស្រាប់តែមានរថយន្តធុនធំប្រភេទក្រឡុកស៉ីម៉ងត៍បើកបរស្របទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ផ្ងារជើងហើយអូសទៅបុករថយន្តស្តារិចពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យរងការខូចខាត តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឬខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋឡើយ។

    ក្រោយពេលកើតឃើញមានសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ទីតាំងកើតហេតុធ្វើការវាស់វែង និងបានទាក់ទងទៅរថយន្តស្ទួចចំនួន២គ្រឿងដើម្បីមកស្ទួចរថយន្តក្រឡុកស៉ីម៉ងត៍ឱ្យឈរឡើងវិញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖