ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក កូរ៉េខាងត្បូង ជប៉ុន ជួបពិភាក្សាគ្នាលើបញ្ហាកូរ៉េខាងជើង

ចែករំលែក៖

នៅថ្ងៃទី៨ ខែមិថុនា មន្ត្រីការបរទេសរបស់ប្រទេសទាំងបី អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានជួបពិភាក្សាគ្នានៅក្នុងទីក្រុងសេអ៊ូល ស្តីពីកិច្ចសហប្រតិបត្តិការលើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក ពិសេសបញ្ហាកូរ៉េខាងជើង ។ កិច្ចពិភាក្សាខាងលើកើតឡើងដោយសារមានក្តីបារម្ភស្តីពីការសាកល្បងអាវុធបរមាណូរបស់កូរ៉េខាងជើង ។
ក្នុងពេលនេះដែរបេសកជនពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោកSung Kim បាននិយាយថាកូរ៉េខាងជើងអាចធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ គ្រប់ពេលវេលា ដោយទីក្រុងព្យុងយ៉ាងមិនបានបង្ហាញពីចេតនាត្រឡប់មករកតុចរចាវិញនោះទេ។
លោក ស៊ុង គីម ធ្វើការកត់សម្គាល់ដូចខាងលើប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ។ បើតាមបេសកជនពិសេសរូបនេះបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលផ្លោងក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន នៅក្នុងឆ្នាំ២០២២នេះ ហើយក្រុមមន្ត្រីកូរ៉េខាងជើងបានប្រើប្រាស់វោហាស័ព្ទដែលបង្ហាញពីផែនការត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរតាក់ទិក ខណៈដែលសហរដ្ឋអាមេរិកក៏ជឿថាកូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ផងដែរ។
ដោយឡែក នៅពេលត្រូវបានសាកសួរថា តើកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរនៅពេលណាដែរ? លោក ស៊ុង គីម បានឆ្លើយដូច្នេះថា «ខ្ញុំមិនមានអ្វីច្រើននិយាយលើសពីនេះទេ តែជាការណ៍ពិតណាស់ ពួកគេ (កូរ៉េខាងជើង) បានត្រៀមរួចរាល់ហើយ ហើយខ្ញុំផ្ទាល់យល់ថាពួកគេអាចនឹងធ្វើគ្រប់ពេលវេលា»។
បើតាមលោក ស៊ុង គីម សហរដ្ឋអាមេរិកនៅតែមានឆន្ទៈដោះស្រាយបញ្ហាតាមទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងដើម្បីដោះស្រាយក្ដីកង្វល់របស់ទីក្រុងព្យុងយ៉ាង៕

ដោយ៖ ធីរីណា(រូបថត​៖​ Yonhap)


ចែករំលែក៖