ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តខូចចតលើផ្លូវមិនបានដាក់សញ្ញា និងភ្លើងបំភ្លឺបង្កឱ្យមនុស្សម្នាក់ស្លាប់ខណៈបើកម៉ូតូបុកពេញទំហឹង

ចែករំលែក៖

ខេត្តកណ្តាល ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូទៅបុកពីក្រោយរថយន្តដែលចតចោលលើផ្លូវពេញមួយទំហឹងកាលពីយប់ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣ និង០២នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតនៅភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ ក្រោយពីកើតហេតុភ្លាមកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់រួចធ្វើការឃាត់ខ្លួនតៃកុងឡានម្នាក់មកធ្វើការសាកសួរ។

     មន្ត្រីនគរបាលបានឱ្យដឹងថា តៃកុងឡានដែលឃាត់ខ្លួននោះឈ្មោះ ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះដែលស្លាប់នោះឈ្មោះ សុខ ប៊ុនធា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ខេត្តកណ្តាល។

  មន្ត្រីនគរបាលបានបន្តថា នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក INTERNATIONAL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1597 និងសណ្តោងសឺម៉ីរឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-2364 បើកបរដោយឈ្មោះ ឡា ពិសិដ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ឃាត់ខ្លួន)

បើកបរមានទិសដៅពីត្បូងទៅជើង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ (រថយន្តបានខូចតាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០១យប់) ស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125 (ឆ្នាំផលិត2016) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DL-0156 បើកបរដោយឈ្មោះ សុខ ប៊ុនធា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំពញាឮ ខេត្តកណ្តាល(មិនពាក់មួកសុវត្ថិភាព,ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមានទិសដៅពីត្បូងទៅជើង បានបុកចំពីក្រោយសឺមីរុឺម៉កផ្នែកខាងឆ្វេង បណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុ។

   ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ហ្លួង សហការជាមួយ នឹងកម្លាំងផ្នែកជំនាញស្រុកបានយកវត្ថុតាង(ម៉ូតូ)មករក្សាទុកបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តនីតិវិធី។

     តាមការសន្និដ្ឋានរបស់នគរបាលជំនាញគឺគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្តម៉ាក INTERNATIONAL រថយន្តខូចចតនៅលើទ្រូងផ្លូវមិនបានដាក់សញ្ញា និងភ្លើងបំភ្លឺឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យយានដទៃទៀតបានដឹង៕ 

ដោយ៖ស្អាងជ័យ


ចែករំលែក៖