ខេត្តត្បូងឃ្មុំ៖ នៅអគារមិត្តភាព ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយភាគីវៀតណាម ដើម្បីត្រៀមរៀបចំពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់លើកឡើងថា, ហេតុអ្វីបានជាមានថ្ងៃទី២០ មិថុនា ១៩៧៧?
លោកបញ្ជាក់ថា, យើងបានដឹងទាំងអស់គ្នាហើយ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ កម្ពុជាបានធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយសារឃើញការកាប់សម្លាប់ប្រជាជនខ្មែរយ៉ាងឃោរឃៅព្រៃផ្សៃនេះហើយ ទើបយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តចាកចោលគ្រួសារប្រពន្ធកូន ជ្រើសរើសយកការចាកចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម ដើម្បីរកការគាំទ្រកម្លាំងប្រដាប់អាវុធធ្វើការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាលទ្ធផលទទួលបានជោគជ័យនៅថ្ងៃទី៧ មករា ១៩៧៩ និងបានកសាងប្រទេសរីកចម្រើនជឿនលឿនដល់បច្ចុប្បន្ន រក្សាបាននូវសុខសន្តិភាព ឯកភាពជាតិពេញផ្ទៃប្រទេស។ (ដើម្បីកាន់តែច្បាស់ សូមតាមដានព្រឹត្តិការណ៍នេះនាពេលខាងមុខ) ៕
ដោយ ៖ សិលា