ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣៦៣ លានយ៉េន (ប្រមាណ ៣,៣៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅទីស្ដីការក្រសួង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, ហិរញ្ញប្បទានឥតសំណងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាង សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមាន ស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ៕
ដោយ ៖ សិលា