ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចដេីម្បីចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅភូមិព្រៃព្រីងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង១០,០០០ដុល្លារ។
ជនសង្ស័យមានឈ្មោះឆង ពិទូ ភេទប្រុសអាយុ៣៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះទី១-ឈ្មោះឈាន ផារី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី២-ឈ្មោះឡុង វ៉ារ៉ាឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដឹកជញ្ជូនអីវ៉ាន់។ ទី៣-ឈ្មោះទួន សាវឿន ភេទស្រី អាយុ២៨ឆ្នាំ។ ទី៤-ឈ្មោះបេង ប៊ុនឡុង ភេទប្រុស អាយុ២៣ឆ្នាំ។ជនរងគ្រោះទាំង៤នាក់នេះត្រូវជាប្ដីប្រពន្ធ បងប្អូន ប្អូនថ្លៃនឹងគ្នា មានទីលំនៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត និងបច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពដដែលបានបន្តថា ស្រ្តីរងគ្រោះឈ្មោះឈាន ផារី ប្រពន្ធជនសង្ស័យឈ្មោះឆេង ពិទូ ហៅអាកំសាក គឺជាមនុស្សរាប់អានគ្នា ហើយកាលពី១ខែកន្លះមុនគឺនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ គាត់បានពឹងពាក់ឱ្យជនសង្ស័យខាងលើជួយរត់ការដោះលែងប្ដីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លងមកហើយ។ ពេលនោះជនសង្ស័យបានទារថ្លៃសេវារត់ការដើម្បីដោះលែងប្ដីចំនួន៤,០០០ដុល្លារ(បួនពាន់ដុល្លារ) ហើយស្រ្តីខាងលើក៏បានយល់ព្រមឱ្យ គឺធ្វើយ៉ាងណាឱ្យតែប្ដីបានរួចខ្លួន ព្រោះនៅសល់១ឆ្នាំទៀតទើបប្ដីគាត់បានចេញ ប៉ុន្តែគាត់ចង់ឱ្យប្ដីចេញពីគុកមុនកាលកំណត់។
ប្រភពខាងលើបានឱ្យដឹងទៀតថា ក្រោយប្រគល់លុយរួចច្រើនថ្ងៃទៅហើយ ប្ដីគាត់ពុំទាន់បានចេញផង គាត់ក៏បានណែនាំឱ្យជនសង្ស័យស្គាល់ឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន ដែលត្រូវជាប្អូនថ្លៃគាត់ទៀត ។ ពេលបានស្គាល់គ្នា ជនសង្ស័យអួតថាខ្លួនស្គាល់ថៅកែក្រុមហ៊ុនមួយ ហើយគេកំពុងជ្រើសរើសរកអ្នកគ្រប់គ្រងបន្ទាប់ពីថៅកែ ហើយទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។ក្រោយពីបានឮបែបនេះឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន បានពឹងពាក់ឱ្យជននេះជួយនាំចូលធ្វើការ ហើយជនសង្ស័យបានទារប្រាក់ថ្លៃរត់ការទាំង២នាក់ប្ដីប្រពន្ធចំនួន៤,០០០ដុល្លារ។ចំណែកឯឈ្មោះបេង ប៊ុនឡុង ដែលត្រូវជាប្អូនរបស់ឈ្មោះឡុង វ៉ារ៉ាឌី និងឈ្មោះទួន សាវឿន កំពុងអត់ការងារធ្វើផង ឮបែបនេះក៏បានពឹងឱ្យជននេះជួយរកការងារជាអ្នកបើកបររថយន្តដឹកអីវ៉ាន់ក្នុងក្រុមហ៊ុននោះ ហើយជនសង្ស័យបានទារថ្លៃរត់ការចំនួន៩០០ដុល្លារ។
សមត្ថកិច្ចបាននិយាយបន្តទៀតថា បន្ទាប់ពីបានលុយហើយ ជនសង្ស័យបានខ្ចីម៉ូតូម៉ាកហុងដាZOOMER-X ស៊េរីឆ្នាំ2017 ពណ៌ទឹកប៊ិក១គ្រឿងពាក់ស្លាកលេខស្វាយរៀង1J-3907 ពីស្រ្តីឈ្មោះទួន សាវឿន ដើម្បីជិះរត់ការ។ ពេលនោះជនរងគ្រោះបានយល់ព្រមឱ្យខ្ចី ហើយជននេះក៏បានជិះយកទៅបញ្ចាំនិងគេចខ្លួនបាត់តែម្ដង។ លុះមកដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ទើបឃើញត្រឡប់ទៅជួបជនរងគ្រោះនៅចំណុចផ្ទះជួលក្នុងភូមិព្រៃព្រីង២ សង្កាត់ចោមចៅទី៣វិញ ។ខណៈនោះជននេះបានប្រាប់ថា រូបគេយកម៉ូតូផ្ញើទុកនៅផ្ទះមីង ហើយម្ដាយមីងទៅខេត្តសៀមរាបនិងបានចាក់សោជាប់យកម៉ូតូចេញមិនរួចទេ។
ប្រភពខាងលើបាននិយាយថា ក្រោយនិយាយចប់ជនកំហូចបានខ្ចីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1R-4380 ១គ្រឿង ព្រមទាំងអត្តសញ្ញាណប័ណ្ណ១សន្លឹកពីឈ្មោះឡុង វ៉ារ៉ាឌី ដែលជាប្ដីទៀត ដោយនិយាយប្រាប់ថា ជិះទៅបើកលុយប្រាក់ខែឱ្យ ព្រោះអ្នកទាំងអស់គ្នាបានចូលធ្វើការហើយ និងត្រូវថៅកែបើកប្រាក់ខែឱ្យមុន។ ចំណែករឿងរត់ការដោះលែងប្ដីរបស់ឈ្មោះឈាន ផារី ក៏បានជោគជ័យហើយដែរ នឹងត្រូវដោះលែងនៅថ្ងៃទី១៥ ខែមិថុនាហើយ។ពេលឮបែបនេះក្រុមជនរងគ្រោះបានជឿជាក់ទាំងស្រុង រួចក៏បានឱ្យម៉ូតូទៅជននោះខ្ចីជិះ បន្ទាប់មកជនកំហូចបានយកម៉ូតូទៅបញ្ចាំបាត់ទៀត។ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ទើបរកឃើញជនសង្ស័យហើយក្រុមជនរងគ្រោះបានលួងលោមឱ្យជនសង្ស័យដេកនៅផ្ទះជួលរបស់ខ្លួន១យប់ ។ លុះព្រឹកឡើងថ្ងៃទី១៥ ខែមិថុនា ទើបជនរងគ្រោះធ្វើដំណើរទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅទី៣ ឱ្យចុះទៅឃាត់ខ្លួនជនកំហូចនាំទៅសាកសួរនិងចាត់ការតាមច្បាប់តែម្ដង៕
ដោយ៖សុខាសែនជ័យ