ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជារួម ឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករប៉ៃលិន ក្រៅអំពីការបំពេញភារកិច្ចស្នូល បានយកចិត្តទុកដាក់ ការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ពិសេស លើការអភិវឌ្ឍន៍ ការងារកសាងអគារ, ហេដ្ឋារចនាសម្ព័ន្ធ និង ការងារដាំដុះចិញ្ចឹមសត្វ ក្នុងអង្គភាព ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់គ្រប់បណ្ដាអង្គភាពចំណុះជាបន្ដបន្ទាប់ ។
ជាក់ស្ដែងនាពេលនេះ អង្គភាព បានកំពុងមមាញឹកកសាងអគារទីបញ្ជាការ ចំនួន ១ខ្នង ជាសំណង់ប្រភេទ១ មានកំពស់ ២ជាន់ សាងសង់តាមស្ដង់ដា របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលសហការសាងសង់ ជាមួយអង្គភាពកងវិស្វកម្ម សម្រេចលទ្ធផលប្រមាណ ៦០ ភាគរយ ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដើម្បីលើកកំពស់ការអភិវឌ្ឍក្នុងវិស័យការពារជាតិ ។
ដោយបានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ក្នុងការសាងសង់អគារទីបញ្ជាការនះ លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ពិសេសក្រោមការចង្អុលបង្ហាញ ពីសំណាក់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តែងតែគិតគូរបំពេញបន្ថែមនូវតម្រូវការអង្គភាពដែលមានភាពខ្វះខាតជាបន្ដបន្ទាប់ និងជម្រុញដល់បណ្តាលអង្គភាពឱ្យធ្វើយ៉ាងណាកែច្នៃគ្រប់រូបភាពបង្កលក្ខណៈឱ្យកងទ័ព មានជំរុំជំរកស្នាក់នៅ បានសមរម្យ កន្លែងធ្វើការស្អាត និង ធានាបាននូវសុខមាលភាពល្អ ។
ដោយ ៖ សិលា