មន្ត្រីបាននិយាយថា ស្ថាប័នគ្រប់គ្រងពិភពលោក FIFA បានប្រាប់សមាគមបាល់ទាត់របស់ប្រទេសឥណ្ឌាឱ្យបញ្ចប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញរបស់ខ្លួន និងជ្រើសរើសអ្នកកាន់តំណែងថ្មីត្រឹមថ្ងៃទី១៥ ខែកញ្ញា ដើម្បីជៀសវាងការហាមឃាត់។
តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានរំសាយគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) កាលពីខែមុន បន្ទាប់ពីខ្លួនមិនបានរៀបចំការបោះឆ្នោតទាន់ពេល និងធ្វើវិសោធនកម្មបទប្បញ្ញត្តិរបស់ខ្លួនស្របតាមច្បាប់កំណត់ដោយក្រមកីឡាជាតិ។ បន្ទាប់មកតុលាការបានតែងតាំងគណៈកម្មាធិការដែលមានសមាជិក៣រូប ដើម្បីគ្រប់គ្រងស្ថាប័ន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ AIFF និងរៀបចំការបោះឆ្នោតដែលរង់ចាំអស់រយៈពេល១៨ខែ។
លក្ខន្តិកៈរបស់ FIFA បានកំណត់ថា សហព័ន្ធសមាជិកត្រូវតែរួចផុតពីការជ្រៀតជ្រែកផ្នែកច្បាប់ និងនយោបាយក្នុងប្រទេសរៀងៗខ្លួន ហើយស្ថាប័នគ្រប់គ្រងពិភពលោកបានផ្អាកសមាគមជាតិផ្សេងទៀតពីករណីស្រដៀងគ្នានេះ។ FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ីបានបញ្ជូនក្រុមដែលដឹកនាំដោយអគ្គលេខាធិការ AFC លោក Windsor John ទៅជួបអ្នកពាក់ព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងរដ្ឋមន្ត្រីកីឡាលោក Anurag Thakur ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ មិថុនា។
AFC បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចប្រជុំបានសន្និដ្ឋានថាជំហានបន្ទាប់គួរតែជាការផ្តល់សច្ចាប័នលើលក្ខន្តិកៈរបស់ AIFF ស្របតាមគោលការណ៍របស់ FIFA/AFC នៃអភិបាលកិច្ចល្អ និងការរៀបចំសមាជបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំ AIFF បន្ទាប់។នេះនឹងផ្អែកលើការកំណត់ពេលវេលាដែលបានព្រមព្រៀងដោយភាគីពាក់ព័ន្ធ AIFF”។
លោក Shaji Prabhakaran ប្រធាន Delhi FA និងជាអតីតមន្ត្រីអភិវឌ្ឍន៍ប្រចាំតំបន់របស់ FIFA បាននិយាយនៅលើ Twitter ថា AIFF ត្រូវបានផ្តល់ពេលវេលាកំណត់ត្រឹមថ្ងៃទី៣១ ខែកក្កដា ដើម្បីកែប្រែលក្ខន្តិកៈ និងថ្ងៃទី១៥ ខែកញ្ញា ដើម្បីបញ្ចប់ការបោះឆ្នោតរបស់ខ្លួន។ លោកបានបន្ថែមថា គណៈប្រតិភូ FIFA-AFC បានផ្តល់ពេលវេលាដ៏តឹងរ៉ឹងដល់យើង។ វាស្ថិតនៅលើពួកយើងដើម្បីជៀសវាងការហាមឃាត់របស់ FIFA” ។
ការហាមប្រាមអាចធ្វើឱ្យឥណ្ឌាបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនារីអាយុក្រោម១៧ឆ្នាំក្នុងខែតុលា។ការបោះឆ្នោតរបស់ AIFF ដែលដឹកនាំដោយសមាជិកក្រុមប្រឹក្សា FIFA លោក Praful Patel បានត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលដោយសារការជាប់គាំងលើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន។
ប្រទេសឥណ្ឌាគឺជាប្រទេសដែលមិនសូវជោគជ័យក្នុងវិស័យបាល់ទាត់ ហើយប្រទេសដែលមានប្រជាជនចំនួន១.៣ពាន់លាននាក់ មិនទាន់បានបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup នៅឡើយទេរហូតមកដល់ពេលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)