ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មផ្ទុះឡើងនៅទូទាំងអាមេរិក ក្រោយតុលាការសម្រេចលុប«សិទ្ធិរំលូតកូន»

ចែករំលែក៖

បាតុកម្មផ្ទុះឡើងនៅទីក្រុងជាច្រើនក្នុងទឹកដីអាមេរិក ក្រោយតុលាការកំពូលអាមេរិកសម្រេចលុបចោល «សិទ្ធិរំលូតកូន» ។ ក្នុងពេលនេះដែរ ប្រធានាធិបតីចូ បៃឌិនបានចាត់ទុកថាជាថ្ងៃ «សោកសៅបំផុត»របស់អាមេរិក ។
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា តុលាការកំពូលនៅក្នុងសហរដ្ឋអាមេរិក នាថ្ងៃ២៤ ខែមិថុនា(ពេលវេលាអាមេរិក)បានប្រកាសលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ ដែលមានឈ្មោះថា Roe v Wade ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ហើយការសម្រេចនេះត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ចាត់ទុកថាជាថ្ងៃដ៏សោកសៅ បំផុតសម្រាប់ប្រទេសជាតិទាំងមូល។
នៅក្នុងសេចក្ដីសម្រេចមួយចេញផ្សាយនៅថ្ងៃសុក្រនេះ តុលាការកំពូលអាមេរិកបានសម្រេចថា រដ្ឋធម្មនុញ្ញអាមេរិកមិនបានផ្ដល់សិទ្ធិក្នុងការរំលូតកូននោះទេ រីឯការលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ រ៉ូ វី វេដ (Roe v Wade) ធ្វើឡើងតាមរយៈការបោះឆ្នោតនៅក្នុងចំណោមចៅក្រមតុលាការកំពូលទាំង៩រូប ក្នុងសំឡេងគាំទ្រ ៦ ទល់ ៣សំឡេងជំទាស់។ ការលុបចោលសាលដីកាជាប្រវត្តិសាស្ត្រនេះទៀតសោតបានន័យថា ស្ត្រីអាមេរិកនឹងត្រូវបានហាមឃាត់ក្នុងការរំលូតកូន ក្រោយពពោះបាន ១៥សប្ដាហ៍។
ដោយឡែក ជុំវិញបញ្ហានេះដែរ លោក ចូ បៃឌិន បានចាត់ទុកថាការសម្រេចរបស់តុលាការកំពូលអាមេរិកគឺជាថ្ងៃដ៏សោកសៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល។ លោក បៃដិន បានបន្ថែមដូច្នេះថា «ច្បាប់រដ្ឋដែលហាមឃាត់ការរំលូតកូនបានចូលជាធរមានដោយស្វ័យប្រវត្តិនៅថ្ងៃនេះ តែវានឹងបង្កផលប៉ះពាល់ដល់សុខភាពរបស់ស្ត្រីអាមេរិករាប់លាននាក់»។
ព័ត៌មានស្ដីពីការលុបចោលសាលដីកាជាប្រវត្តិសាស្ត្រឆ្នាំ១៩៧៣ (Roe v Wade) ដែលផ្ដល់សិទ្ធិឱ្យស្ត្រីអាមេរិក «រំលូតកូន» ត្រូវបានរាយការណ៍កាលពីខែឧសភា ឆ្នាំ២០២២នេះដោយកាសែត Politico ដែលអះអាងថាចៅក្រមអភិរក្សនិយមម្នាក់ គឺលោក សាមូអែល អាលីតូ Samuel Alito បានតាក់តែងសេចក្ដីសម្រេចខាងលើ ដោយអំពាវនាវឱ្យលុបចោលសិទ្ធិរំលូតកូន ពីព្រោះការរំលូតគឺជាបញ្ហាសីលធម៌ ហើយក៏គ្មានធម្មនុញ្ញអាមេរិកណាមួយចែងពីការការពារសិទ្ធិរំលូតកូននោះដែរ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ USA Today


ចែករំលែក៖