ភ្នំពេញ ៖ បុរសជាអ្នកដឹកអីវ៉ាន់ម្នាក់បានយកម៉ូតូទៅផ្ញើសន្តិសុខក្នុងផ្សារមីតថោន ដើម្បីចូលទៅយកអីវ៉ាន់មួយភ្លែត ពេលចេញមកវិញស្រាប់តែត្រូវជនសង្ស័យកាច់កម៉ូតូជិះយកទៅបាត់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យ៉ា ហុងឆៃ អាយុ២២ឆ្នាំ មុខរបរអ្នកដឹកអីវ៉ាន់។
បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AK-2733 ជិះមកយកអីវ៉ាន់នៅក្នុងផ្សារមីតថោន រួចគាត់ក៏បានយកម៉ូតូចូលទៅផ្ញើនៅក្នុងចំណតសន្តិសុខ។ បន្ទាប់មករូបគាត់ក៏បានចូលទៅយកអីវ៉ាន់ នៅក្នុងផ្សារ ក្រោយពេលយកអីវ៉ាន់បានគាត់ក៏ចេញមកវិញស្រាប់តែបាត់ម៉ូតូពីចំណត រួចគាត់ទៅសួរសន្តិសុខដែលយាមនៅទីនោះ ដោយសន្តិសុខបានបញ្ជាក់ថា មានជនសង្ស័យម្នាក់ចូលមកយកម៉ូតូទៅមុននេះបន្តិច ធ្វើឱ្យជនរងគ្រោះស្លន់ស្លោទាក់ទងទៅមិត្តភក្តិឱ្យមកទីតាំងកើតហេតុ។ ដោយឡែកនៅក្នុងនោះមិនមានវត្តមានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខនៅកន្លែងកើតហេតុនោះទេ គឺមានតែប្រជាពលរដ្ឋប៉ុណ្ណោះ។
បន្ទាប់មកជនរងគ្រោះក៏ពឹងឲ្យមិត្តភក្តិជូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម ដើម្បីសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យនិងម៉ូតូរបស់ខ្លួនដែលត្រូវជនសង្ស័យកាច់កយកទៅបាត់នោះ៕
ដោយ៖ជ្រោយពេជ្រ