ប្រព័ន្ធផ្សព្វផ្សាយចិននៅថ្ងៃទី ២៥ខែមិថុនានេះបានផ្សាយថា ប្រធានាធិបតីស៊ី ជិនពីង នឹងចូលរួមពិធីខួប២៥ឆ្នាំថ្ងៃដែលកោះហុងកុងត្រូវបានអង់គ្លេសប្រគល់សងចិនវិញ។ នេះជាលើកដំបូងដែលប្រធានាធិបតីចិនបំពេញទស្សនកិច្ច ចេញក្រៅចិនដីគោកចាប់តាំងពីផ្ទុះកូវីដ-១៩មក។
តាមសារព័ត៌មានស៊ីនហួ ក្រៅពីចូលរួមពិធីខួប២៥ឆ្នាំ ប្រធានាធិបតីស៊ី ជីនពីងនឹងចូលរួមក្នុងពិធីចូលកាន់តំណែងរបស់រដ្ឋាភិបាលកោះហុងកុង អាណត្តិទី៦ ។ កាលពីឆ្នាំ២០១៧ ប្រធានាធិបតីចិនក៏បានបំពេញទស្សនកិច្ចទៅកាន់កោះហុងកុងផងដែរ ដើម្បីចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ប្រធានតំបន់លោកស្រី Carrie Lam។ តាមធម្មតាប្រមុខដឹកនាំចិន នឹងទៅកាន់កោះហុងកុងនៅក្នុងពិធីសំខាន់ៗ ក្នុងកោះនេះ។
ការឆ្លងកូវីដ-១៩នៅកោះហុងកុងក៏ដូចជាចិនដីគោក ធ្វើឱ្យប្រធានាធិបតីចិនស៊ី ជីនពីង បានផ្អាកដំណើរទស្សនកិច្ចទៅកាន់កោះហុងកុង ។
កាលពីថ្ងៃទី១៩ខែមិថុនា ចិននិងកោះហុងកុងបានប្រកាសបញ្ជីឈ្មោះ គណៈរដ្ឋមន្ត្រីថ្មីក្នុងរដ្ឋាភិបាលរបស់លោក John Lee ដែលជាប្រមុខដឹកនាំថ្មីនៅកោះហុងកុង ។ លោក John Lee គឺជាបុគ្គលតែមួយគត់ដែលរដ្ឋាភិបាលទីក្រងប៉េកាំងជឿទុកចិត្តឱ្យបន្តដឹកនាំកោះហុងកុង ។
លោក John Lee អាយុ៦៤ឆ្នាំ មានបទពិសោធន៍៣៥ឆ្នាំក្នុងវិស័យ ប៉ូលិស ។ នៅក្នុងឆ្នាំ២០១២ មន្ត្រីរូបនេះបានបង្វែរការងារមកធ្វើការនៅក្នុងរដ្ឋាភិបាលស៊ីវិលកោះហុងកុងវិញម្តង ហើយពេលនេះបានក្លាយជាប្រមុខដឹកនាំកោះហុងកុង៕
ដោយ៖ ធីរីណា(ប្រភពរូប៖ zing news)