ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ ត្រូវក្រុមចោរលួចគាស់សោទ្វារផ្ទះចូលយកសម្ភារបានរាយការណ៍ប្រាប់អង្គភាពយើងថា នៅវេលាម៉ោងប្រហែលជា៣ទៀបភ្លឺថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមចោរបានចូលមកលួចគាស់សោទ្វារផ្ទះរបស់ពួកគាត់ចូលរើកកាយយកសម្ភារគិតជាប្រាក់អស់ជាងប្រាំរយដុល្លារអាមេរិក។ពួកគាត់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អង្គភាពយើងទៀតថា នៅយប់ថ្ងៃកើតហេតុដោយសារពួកគាត់មានកម្មវិធីនៅខាងក្រៅមិនបានមកផ្ទះវិញទេ ហើយក៏បានចាក់សោផ្ទះយ៉ាងត្រឹមត្រូវ។ លុះព្រឹកឡើងទើបអ្នកជិតខាងខលប្រាប់ពួកគាត់ ឱ្យត្រឡាប់មកផ្ទះវិញ ទើបឃើញបាត់ធុងបាស់មួយគ្រឿងដែលមានតម្លៃជាងប្រាំរយដុល្លារ។ ចំណែកម្ចាស់ផ្ទះមួយទៀតមិនមានការបាត់បង់អីទេ។
ប្រជាពលរដ្ឋបានប្រាប់បន្តទៀតថា ទីតាំងដែលក្រុមចោរលួចគាស់សោផ្ទះនោះ ទីមួយផ្ទះលេខ២D និងទីពីរផ្ទះលេខ៣D ស្ថិតនៅភូមិតិក្ខប្បញ្ញេា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយពួកវាបានធ្វើសកម្មភាពនៅវេលាម៉ោងប្រហែលជា៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
ប្រជាពលរដ្ឋបានបន្តឱ្យដឹងទៀតថា ករណីចោរលួច, ចោរឆក់, គាស់ផ្ទះ តែងតែកើតមានស្ទើររាល់យប់រាល់ថ្ងៃ ខណៈដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោងក្រោម និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យមិនទាន់បង្ក្រាបបាននៅឡើយ។
ជាក់ស្តែងរយៈពេលពីរបីយប់ជាប់គ្នានេះ គឺមានករណីលួចរ៉ឺម៉ករបស់ពលរដ្ឋ និងនៅយប់នេះទៀតក៏ពួកវាលួចគាស់សោផ្ទះយកសម្ភារបន្តទៀតដែរ។ ប្រជាពលរដ្ឋរស់នៅភូមិតិក្ខប្បញ្ញោ ជាពិសេសនៅម្តុំកន្លែងកើតហេតុតែម្តង បានសំណូមពរឱ្យលោកមេប៉ុស្តិ៍ និងលោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យជួយដាក់កម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសទាំងនេះផង។
គួររំលឹកថា កន្លងមកបទល្មើសឆក់, ប្លន់, លួចគាស់ផ្ទះ, លួចស្លាកលេខរថយន្ត, ឆ្កឹះកញ្ចក់រថយន្តស៊េរីទំនើប តែងតែកើតមានជាញឹកញាប់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បើទោះបីជាសមត្ថកិច្ចខិតខំបង្ក្រាបយ៉ាងណាក៏ដោយ។ ដូច្នេះ សមត្ថកិច្ចគួរតែមានវិធានការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បំផុត៕
ដោយ៖ ចន្ទ លីហ្សា