ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេបាន២ថ្ងៃ១យប់សមត្ថកិច្ចក្របួចជាប់ទាំងវត្ថុតាង

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុង ដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងអធិការដ្ឋាន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ចុះអនុវត្តបណ្ដឹងដោយឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញារួមទាំងម៉ូតូ១គ្រឿងដែលជាវត្ថុតាង ។

 ករណីបង្រ្កាបជនសង្ស័យលួចម៉ូតូខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង២៥នាទី រសៀលថ្ងៃស្រុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចសួនកម្សាន្តរីសត ស្ថិតនៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

 មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងប្រាប់ថា ជនសង្ស័យជាមុខសញ្ញាត្រូវបានឃាត់បង្រ្កាបឈ្មោះ ឈឹម សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ វត្ថុតាងម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1J 8626 និងកាបូបស្ពាយ ពណ៌ខ្មៅ១ ទូរស័ព្ទ២គ្រឿង ។

 មន្ត្រីនគរបាលប៉ុស្តិ៍ដដែលប្រាប់បន្តទៀតថា នេះជាការអនុវត្តបណ្ដឹងរបស់ម្ចាស់ឈ្មោះ ម៉ាក់ ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិខ្មារ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ខណៈដែលជនសង្ស័យ(ឈឹម សំណាង)បានធ្វើសកម្មភាពលួចនៅម្ដុំបន្ទប់ជួល១កន្លែង ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ។

 នគរបាលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យ(ឈឹម សំណាង និងវត្ថុតាងទាំងអស់)រាយការណ៍ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីប្រគល់ជូននគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាត់ការបន្ត ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖