ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៣នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីក្លែងឯកសារដកលុយពីធនាគារ

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទក្លែងឯកសារសាធារណៈ. ប្រើប្រាស់ឯកសារក្លែង, ក្លែងអត្តសញ្ញាណបុគ្គលលើអត្តសញ្ញាណប័ណ្ណ. ឆបោកជាប្រព័ន្ធ និងសម្អាតប្រាក់ ប្រព្រឹត្តនៅធនាគារមួយក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

មនុស្សទាំង៣នាក់នោះគឺ

១-ឈ្មោះ សង វ៉ាន់ដេត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៦A ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២-ឈ្មោះ ជុំ ឆេងលី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

៣-ឈ្មោះ អុល មិថុនា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ទួល ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់មេធាវីម្នាក់ពាក់ពន្ធករណីក្លែងឯកសារសាធារណៈ ក្រោមរូបភាពយកទៅឆបោកប្រាក់ពីធនាគារឯកជនមួយមានទឹកប្រាក់ប្រមាណ ៣៥ ០០០ដុល្លារអាមេរិក ។ អង្គហេតុនៃពាក្យបណ្តឹងបានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យទាំង៣នាក់តាមរយៈប្រើប្រាស់អត្តសញ្ញាណក្លែង  ក្លែងឯកសាធារណៈ ក្លែងអត្តសញ្ញាណបុគ្គលលើអត្តសញ្ញាណប័ណ្ណថា ខ្លួនជាម្ចាស់កម្មសិទ្ធិដីធ្លី និងជាមនុស្សនៅក្នុងអត្តសញ្ញាណប័ណ្ណខាងលើពិតប្រាកដ ដែលធ្វើឱ្យធនាគារឯកជនសាខាបឹងកេងកងជឿទុកចិត្តប្រគល់ប្រាក់ឱ្យចំនួន១៥.០០០ដុល្លារអាមេរិក ។ លុះមកដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យទាំង៣នាក់ដដែល បានប្រើប្រាស់អត្តសញ្ញាណក្លែងទៅឆបោកធនាគារឯកជនសាខាខណ្ឌដូនពេញ ដកយកប្រាក់ប្រមាណ២០.០០០ដុល្លារអាមេរិក  និងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យទាំង៣នាក់បានប្រើប្រាស់អត្តសញ្ញាណក្លែង ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងក្លែងអត្តសញ្ញាណបុគ្គលលើអត្តសញ្ញាណប័ណ្ណថាខ្លួនជាម្ចាស់កម្មសិទ្ធិដី  បានទៅដាក់សំណើសុំខ្ចីប្រាក់ចំនួន ៩០.០០០ដុល្លារអាមេរិកពីធនាគារឯកជនសាខាខណ្ឌពោធិ៍សែនជ័យម្តងទៀត ប៉ុន្តែលើកនេះពួកគេក៏ត្រូវអស់លក្ខណ៍ ដោយខាងធនាគារបានប្រើប្រាស់សិទ្ធិពឹងពាក់មេធាវីការពារក្តី ប្តឹងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យចាប់ខ្លួនបុគ្គលទាំង៣នាក់ចាត់ការតាមផ្លូវច្បាប់ ។ 

   តាមការស្តាប់ចម្លើយរបស់ជនសង្ស័យទាំង៣នាក់បានសារភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពឆបោកយកប្រាក់ពីធនាគារឯកជននោះប្រាកដមែន តាមរូបភាពប្រើប្រាស់ឯកសារក្លែងទាំងអស់។ សំណុំរឿងជនសង្ស័យទាំង៣នាក់ ស្ថិតនៅដំណាក់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងក្រោយពីសួរចប់ ពួកគេទំនងមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ក្តីទៅតាមបទល្មើសដែលពួកគាត់បានប្រព្រឹត្ត ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖