ព័ត៌មានទាន់ហេតុការណ៍៖

តំបន់តេទឹកពុះប្រែក្លាយខ្លួនជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិ និងមានភាពទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្រវត្តិទាក់ទងនឹងតំបន់ទីតាំងបុរាណស្ថានជនជាតិដើមភាគតិចសួយស្ថិតនៅចម្ងាយប្រមាណជាង៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ តំបន់តេទឹកពុះខណៈនេះ បានប្រែក្លាយខ្លួនជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិ និងមានភាព ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ។

ពាក់ព័ន្ធប្រវត្តិតេទឹកពុះនេះមានរឿងតំណាលថា ដើម ឡើយមានសេដ្ឋីមួយរូប មានមាសប៉ុនដូងទុំ គឺជាអ្នក មានប្រចាំតំបន់តេ។ សេដ្ឋីរូបនោះមានកូនពីរនាក់ ប្រុស១ ស្រី១ ដែលកូនទាំង២នាក់នេះ ត្រូវបានគាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតដល់ធំពេញវ័យ។ 

ដោយខ្លាចវង្វេងរកកូនប្រុសដែលផ្ញើទុកជាមួយគេនៅភូមិមួយពេលធំមិនឃើញ គាត់ក៏បានពាក់កងមាសមួយនៅកជើង ដែលបច្ចុប្បន្នភូមិនោះត្រូវបានដាក់ឈ្មោះថា “រលាក់កជើង”។ ដោយសារតែខ្លាចបែកទ្រព្យសម្បត្តិ គាត់មិនបានឱ្យកូនទៅយកគ្រួសារផ្សេងនោះទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។ 

ក្រោយមកគាត់ក៏គិតគ្នាជាមួយប្រពន្ធថា ចៀសវាងបែកទ្រព្យសម្បត្តិ ពុះមាសប៉ុនដូងទុំជាពីរចំណែក មានតែរៀបការកូនរបស់ខ្លួនដែលបំបែកចេញកាលពីតូចឱ្យយកគ្នាជាប្តីប្រពន្ធ។ គិតគូររួចហើយគាត់ក៏រៀបចំពិធីមង្គលការកូនដែលជាបងប្អូនបង្កើតនឹងគ្នា ដោយបានអញ្ជើញហៅភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ។ លើក លែងតែយាយតីម្នាក់គត់ដែលសេដ្ឋីមិនបានហៅឱ្យចូលរួម មិនតែប៉ុណ្ណោះសេដ្ឋីថែមទាំងបានយកក្រពើដែលយាយតីចិញ្ចឹមមកកាប់ធ្វើម្ហូបទុកទទួលភ្ញៀវថែមទៀតផង ដែលពិធីមង្គលការនេះប្រព្រឹត្តទៅនៅថ្ងៃ១៥រោច ខែពិសាខ និងបានក្លាយជាប្រពៃណីបុណ្យឡើងសំណំ របស់ជនជាតិដើមភាគតិចសួយមកទល់សព្វថ្ងៃនេះ។

បើនិយាយពីយាយតីវិញ ក្រោយពីដឹងថាសេដ្ឋីរៀបការកូនបង្កើតឱ្យយកគ្នាជាប្តីប្រពន្ធ គាត់មានការបាម្ភជាខ្លាំង ហើយនៅថ្ងៃចូលរោងក៏មិនបានទៅក្បែរនោះដែរ។ វេលាយប់ឡើងស្រាប់តែយាយតីយល់សប្តិឃើញយម ទូតមកប្រាប់ថា ថ្ងៃស្អែកហាមដាចខាតមិនឱ្យចូលទៅក្បែរកន្លែងគេការកូនឡើយ ។ ភ្ញាក់ពីយល់សប្តិ យាយតីភ័យណាស់ នៅតែក្នុងផ្ទះតែម្នាក់ឯងមិនចេញទៅណាឡើយ ហើយបានបួងសួងថា បើគាត់មានជីវិតរស់ គាត់នឹងកោរសក់ថ្វាយដល់ព្រះធរណី នៅភូមិដែលយាយតីរស់នៅ ដូច្នេះហើយទើបភូមិនោះមានឈ្មោះថា ភូមិកោដូនតីរហូតមកទល់សព្វថ្ងៃនេះ។

បើនិយាយពីផ្ទះសេដ្ឋីវិញ មនុស្សមកចូលរួមយ៉ាងច្រើនកុះករ។ ពេលពិធីសែនព្រេនបានចាប់ផ្តើមឡើង ស្រាប់ តែកើតមានបាតុភូតចម្លែក ដោយក្នុងបរិវេណផ្ទះសេដ្ឋី ត្រូវព្រះធរណីស្រូបយកមនុស្សទាំងអស់ចូលទៅក្នុងដីគ្មានសល់ លើកលែងតែយាយតីម្នាក់គត់។ ដោយឃើញទិដ្ឋភាពបែបនោះ យាយតីភ័យក៏បានរត់គេចពីកន្លែងនោះទៅដល់ដីទួលមួយកន្លែង (បច្ចុប្បន្នដីទួលនោះបានក្លាយជាតំបន់ដីព្រៃអារក្សភ្នំតេ) គាត់ក៏បានកោរសក់នៅទីនោះ តាមអ្វីដែលគាត់បានបន់ស្រន់ថ្វាយដល់ព្រះ ធរណី ហើយក៏រស់នៅទីនោះរហូតមានគ្រួសារ និងកូន ប្រុសមួយ។

ក្រោយពីកូនប្រុសកើត ប្តីរបស់គាត់ក៏ទៅបួសជាតាបសនៅលើភ្នំខ្ជោល(ឱរ៉ាល់) ហើយពេលដែលកូនកើតមកមានឈ្មោះត្រសក់ផ្អែម។ ចំណែកកន្លែងទឹកពុះឯណេះវិញ ក្រោយពីព្រះធរណីស្រូបយកអ្នកដែលមកចូលរួមពិធីការកូនសេដ្ឋី ជនជាតិសួយអស់ហើយ កន្លែងនោះក៏ស្រាប់តែក្លាយជាមានទឹកហូរចេញពីក្នុងដី ហើយមានកំដៅក្តៅរហូតដល់បច្ចុប្បន្ន។ នេះបេីតាមការរៀបរាប់របស់លោកស្រី ម៉ែន សាមីន តំណាងជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

ដោយ៖ សូរិយា


ចែករំលែក៖