ព័ត៌មានទាន់ហេតុការណ៍៖

សត្វកន្ត្រង ជាសត្វកម្រមួយប្រភេទជិតផុតពូជវារស់នៅតាមតំបន់ព្រៃស្រោង មាត់អូរ បឹង ពិសេសនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ​​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ សត្វកន្ត្រង ជាសត្វកម្រមួយប្រភេទជិតផុតពូជ វារស់នៅតាមតំបន់ព្រៃស្រោង មាត់អូរ បឹង ពិសេសនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ 

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ សត្វកន្ត្រង វាពង កូន ក្នុងវាលខ្សាច់ តាមមាត់អូរ ហើយវាទំងន់ ជាង១គីឡូក្រាម ។

សូមជម្រាបដែរថា​ កាលពីពេលថ្មីៗនេះ​ លោក​ ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីរៀបចំផែនការអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំសារពើពន្ធ២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក ញ៉ន សិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី និងតំណាងអង្គការ WCS ប្រចាំកម្ពុជា មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី-ក្រចេះ តំណាងសាលាស្រុក តំណាងប្រជាសហគមន៍ មេភូមិ មេឃុំ អង្គការសមាគមអភិក្សសត្វព្រៃ និងអង្គការដៃគូនានា សរុបជិត១០០នាក់។

សិក្ខាសាលាស្តីពីរៀបចំផែនការអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំសារពើពន្ធ២០២២-២០២៣ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ១)ពិនិត្យ  និងបង្ហាញនូវលទ្ធផលការអនុវត្តគម្រោងប្រចាំឆ្នាំ និងកត្តានានាដែលជាឧបសគ្គ ឬបញ្ហាប្រឈម និងឱកាសក្នុងការអនុវត្តគម្រោង ២)រៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំសារពើពន្ធ(០១ កក្កដា ២០២២ ដល់៣០ មិថុនា ២០២៣)  ពិសេសប្រមូលធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងកាន់តែប្រសើរឡើង និង៣)ពង្រឹងកិច្ច សហប្រតិបត្តិ ការជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថាន អាជ្ញាធរ មូលដ្ឋាន ភាគីពាក់ព័ន្ធ និង សហគមន៍មូលដ្ឋានក្នុងការអនុវត្តគម្រោងរេដបូក ដែនជម្រកសត្វព្រៃកែវសីមា កាន់តែមានប្រសិទ្ធភាព។

ក្នុងរយៈពេលពីរថ្ងៃ អង្គសិក្ខាសាលានឹងមានការធ្វើបទបង្ហាញលើប្រធានបទមួយចំនួនរួមមាន៖ បទបង្ហាញស្តីពីការអនុវត្តច្បាប់ បទបង្ហាញស្តីពីការលើកកម្ពស់ការយល់ដឹង និងជីវភាពសហគមន៍ បទបង្ហាញស្តីពី ការលើកកម្ពស់ការយល់ដឹងនិងសុខភាពសហគមន៍ បទបង្ហាញស្តីពីការងារ ត្រួតពិនិត្យ វាយតម្លៃគម្រោងដែនជម្រកសត្វព្រៃកែវសីមា និងផែនការឆ្នាំបន្ទាប់ និងបទបង្ហាញស្តីពីសេចក្តីព្រាងផែនការអនុវត្តគម្រោងឆ្នាំសារពើពន្ធ២០២៣៕

ដោយ៖សហការី​


ចែករំលែក៖