ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៥ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ដោយបានទទួលការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៤ ខែកក្កដាម្សិលមិញនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសពលោកវរសេនីយ៍ត្រី ចន្ថា វ៉ាន់ឌី អធិការរងនគរបាលខណ្ឌឫស្សីកែវ ដែលបានទទួលមរណៈភាព នៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅវេលាម៉ោង១២:២០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។
ក្នុងឱកាសនោះដែរ លោកអធិការ ក៏បាននាំយកបច្ច័យរបស់ លោកស្នងការ ចំនួន ២.០០០.០០០រៀល គ្រឿងបរិភោគ និងភេសជ្ជៈមួយចំនួន,ថវិការរបស់លោកអធិការ ចំនួន ១.០០០.០០០រៀល ប្រគល់ជូនក្រុមគ្រួសារសព ដេីម្បីសម្រួលក្នុងពិធីបុណ្យផង។
គួររម្លឹកថា លោក ចន្ថា វ៉ាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលជាតិ ឋានៈអធិការរងខណ្ឌឫស្សីកែវ ដោយសារតែលេងល្បែងភ្នាល់បាល់ចាញ់អស់ប្រាក់ពីខ្លួន បានបាញ់សម្លាប់ខ្លួនឯងគួរឲ្យរន្ធត់នៅលេីផ្ទះរបស់គាត់ផ្ទាល់ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២និង៣០នាទី នៅចំណុចភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកប្រពន្ធឈ្មោះ ថុន ចាន់ណេត អាយុ៣២ឆ្នាំ មានកូនចំនួន០២នាក់ ស្រីទាំង០២នាក់៕
ដោយ៖សហការី