ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេស្រែកថាឱ្យ«ជិះឡានកញ្ចាស់»ក៏ស្រែកសួរគេវិញ ត្រូវភាគីម្ខាងទៀតស្រែកគំរាមដកកាំភ្លើងខ្លីបាញ់បំបែកក្បាលចោល

ចែករំលែក៖

    ភ្នំពេញ៖ យុវជន​មួយ​ក្រុម​ទើបនឹង​ចេញពី​ផឹកស៊ី​ក្នុង​ក្លិប​កម្សាន្តត្រូវបាន​ភាគី​មួយ​ក្រុម​ទៀត​និយាយ​ថា “ពួកជិះឡាន​កញ្ចាស់” ធ្វើ​ឱ្យ​ម្ចាស់​ឡាន​ខឹង​ក៏​ស្រែកសួរ​វិញ ហើយ​ក៏​ត្រូវ​ភាគី​ម្ខាងនោះស្រែក​គំ​រា​​ម​រកដក​កាំភ្លើងខ្លីបាញ់បំបែកក្បាល ធ្វើ​ឱ្យម្ចាស់​រថយន្ត​ភ័យ​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​រថយន្ដ​តែ​ម្តង។

    ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលឡើង​កាលពី​​វេលាម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​មុខ​ក្លិប​កម្សាន្ត EDM3 ផ្លូវ​សប៊ិត ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

   បើ​តាមសម្តីរបស់បុរស​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស បានឱ្យដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់និង​ប្អូនស្រី​ៗ​ចំនួន​៣​នាក់​ទៀត បាន​ចូល​ទៅ​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ក្លិប​កម្សាន្ត  ហើយពេលចប់កម្មវិធី​ក៏​ចេញ​មក​វិញ​។ ពេលរូប​គាត់​ដើរទៅ​យក​រថយន្ត​ ស្រាប់តែ​មាន​​ភាគី​មួយ​ក្រុម​ទៀត​ដែល​គេ​ស្គាល់​ថា​ឈ្មោះ “ប្រូ​វី​ដ”​​ បាន​ស្រែកឱ្យគាត់​ថា “ជិះឡាន​ព្រូស​ឡើង​កញ្ចាស់”​​។ ភ្លាម​ៗ​នោះ រូប​គាត់ (​ម្ចាស់​រថយន្ត​ព្រូស​) ខឹង​ក៏​ស្រែកសួរ​ទៅ​ភាគី​ម្ខាង​នោះថា “​ស្រែក​ឱ្យអ្នក​ណា?”​។ ចំណែក​បក្សពួក​ភាគី​ខាង “ប្រូ​វី​ដ​” បាន​ស្រែក​គំ​រា​ម​គាត់​ទៀត​ថា “​យក​កាំភ្លើង​មក​​បាញ់​ក្បាល​វា​ទៅ”​ រួច​ក៏​បើកឡាន​ចេញទៅ ។ ​ពេល​នោះត្រូវ​រូបគាត់ (​ម្ចាស់​រថយន្ត​ព្រូស​) បើករថយន្ត​​ដេញ​តាមរហូត​ទៅដល់​ខាងជើង​ស្ថានទូត​រុ​ស្ស៊ី ក៏​បាន​ស្រែក​ប្តឹង​សមត្ថកិច្ច​ឱ្យជួយឃាត់​រថយន្ដនោះ​ភ្លាម​ៗ​ផង​ដែរ​។

    ​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង’​ប្រូ​វី​ដ”​ បាន​ប្រាប់​ឱ្យដឹង​ថា រូប​គាត់​បាន​និយាយ​ថា​ជិះឡាន​កញ្ចាស់​មែន តែ​មិនមែន​ថាឱ្យ​ពួក​គាត់​ជាម្ចាស់រថយន្តព្រូសនោះទេ គឺ​រូប​គាត់​ថាឱ្យឡាន​មិត្ត​ភក្ដិ​របស់ខ្លួន​ដែល​ឈប់​នៅ​ក្រោយ​​រថយន្ត​នោះ​ទេ ទើប​មានការ​យល់​ច្រឡំ​គ្នា​តែ​ម្តង​។

    បន្ទាប់​ពីកើតហេតុសមត្ថកិច្ច​បាន​ឃាត់​ភាគី​ទាំង​ពីរដើម្បី​​ត្រួតពិនិត្យ និង​ឆែកឆេរ តែ​រក​មិនឃើញ​អ្វី​ដូច​ការ​ចោទប្រកាន់​គ្នា​នោះ​ទេ ទើប​សមត្ថកិច្ចសម្រេចឱ្យភាគីទាំង២​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​អស់​ទៅ​៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖