ប្រទេសបារាំង៖ ទស្សនាវដ្តីបារំាង Marianne បានផ្សាយថា តួអេហ្វហ្វែល (Eiffel) ដែលជាតំណាងនៃប្រទេសបារាំងមានច្រែះចាប់ ហើយត្រូវដុសខាត់ និងលាបថ្នាំពណ៌ឡើងវិញ ដែលត្រូវចំណាយប្រាក់រហូតដល់៦០លានដុល្លារ ។
សារព័ត៌មាន The Guardian បានផ្សាយថា ក្នុងពេលសាងសង់រួចរាល់នៅឆ្នាំ១៨៨៩ តួ Eiffel នៅទីក្រុងប៉ារីស ប្រទេសបារាំងអាចនឹងស្ថិតស្ថេរក្នុងរយៈពេល២០ឆ្នាំ នឹងត្រូវរុះរើចេញ ។ ប៉ុន្តែមកទល់ពេលនេះមានរយៈពេល១៣៣ឆ្នាំហើយនៅតែរឹងមាំដដែល។
តាមរបាយការណ៍បានបញ្ជាក់ថា តួអេហ្វហ្វែលជាតំណាងនៃប្រទេសបារាំងស្ថិតនៅក្នុងដំណាក់កាលទ្រុឌទ្រោម ត្រូវច្រែះចាប់ ។ តាមទស្សនាវដ្តី Marianne ដែលដកស្រង់សម្តីអ្នកគ្រប់គ្រងដែលមិនបញ្ចេញឈ្មោះបានលើកឡើងថា «ប្រសិនបើ Gustave Eiffel មកទស្សនាទីនេះ គាត់នឹងត្រូវឈឺបេះដូងជាមិនខាន»។
នៅពេលនេះក្រុមហ៊ុនទទួលខុសត្រូវពីតួ Eiffel គឺក្រុមហ៊ុន Societe d’Exploitation de la Tour Eiffel (SETE) មិនទាន់វិភាគអ្វីជុំវិញបញ្ហាខាងលើនោះឡើយ។
តួ Eiffel មានកម្ពស់៣២៤ម៉ែត្រ មានទម្ងាន់ ៧៣០០តោន ត្រូវបានវិស្វករ Gustave Eiffel ជាអ្នកសាងសង់ ហើយក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញបំផុតនៅលើពិភពលោក ។ ជារៀងរាល់ឆ្នាំ មានអ្នកទេសចរ៦លាននាក់មកទស្សនាទីនេះ។
វិស្វករ Gustave Eiffel បានកត់ត្រាថា ការរកឃើញមានច្រែះ ហើយការដុសខាត់ច្រែះគឺជាបញ្ហាដ៏ធំ ដោយសារតែមានអាយុកាលច្រើន ។ លោកបានស្នើឱ្យលាបពណ៌ឡើងវិញក្នុងរយៈពេល៧ឆ្នាំម្តង។ ការដុសខាត់ លាបពណ៌នៅត្រង់ចំណុចណាដែលងាយច្រែះចាប់ ដើម្បីធានាតួ Eiffelនៅស្ថិតស្ថេរបានយូរអង្វែង ហើយចំណុចសំខាន់គឺទប់ស្កាត់ច្រែះចាប់ តែម្តង៕
ដោយ៖ ធីរីណា(រូបថត ៖ Vietnamnet.vn)