ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលជាម្ចាស់សំណង់ត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីត្រូវជាងសំណង់របស់ខ្លួនកាន់កាំបិតបុ័ងតោទៅកាប់ចិញ្ច្រាំជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់រួចមក។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៦ និង៣០នាទីល្ងាច នៅចំណុចក្រុមទី៨ ភូមិ ជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីមានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសរួចមក។
ករណីហិង្សានេះបង្កដោយជនសង្ស័យ ឈ្មោះសេង សារុន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល បានធ្វើសកម្មភាពយកកាំបិតបុ័ងតោទៅកាប់លើជនរងគ្រោះ ឈ្មោះចាន់ សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺនស្រុកថ្មគោលជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសត្រង់ក្បាលផ្នែកខាងលើនិងផ្នែកខាងក្រោយ,ខ្នងដៃខាងឆ្វេងនិងកំភួនដៃចំហៀងខាងឆ្វេង។
នៅពេលកេីតហេតុភ្លាមៗអ្នកជិតខាងបាននាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេីយព័ត៌មាននេះក៏បានរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋានផងដែរ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យយខាងលេីបាននិងដកហូតវត្ថុតាងមានកាំបិតបុ័ងតោផ្លែដែកដងឈើ ចំនួន១ដែលជនសង័្សយប្រេីប្រាស់ក្នុងអំពេីល្មេីសនេះ រួចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
លោកវរសេនីយ៍ទោ សេង លុច បញ្ជាក់ថា តាមចម្លេីយសារភាពរបស់ជនសង័្សយថា មូលហេតុដែលរូបគេប្រេីហិង្សាបែបនេះទៅលេីជនរងគ្រោះគឺដោយសារតែ កន្លងមកជនរងគ្រោះធ្វេីបន្ទប់ទឹកនៅផ្ទះរបស់គាត់ ហេីយជួលរូបគេមកធ្វេីសំណង់នោះ ដ្បិតរូបគេនេះជាជាងសំណង់។ ដោយសារតែការធ្វេីការងាររបស់ជាងនេះបាត់ឃេីញៗ ហេីយសំណង់ទុកចោលមិនធ្វេីឱ្យរួចរាល់ ទេីបម្ចាស់សំណង់ជាជនរងគ្រោះបញ្ឈប់មិនឱ្យជនសង័្សយធ្វេីការងារនេះបន្តទៀត។
ដោយមានកំហឹងបែបនេះហេីយទេីបនៅថ្ងៃកេីតហេតុខាងលេី ជនសង័្សយបានយកកាំបិតបុ័ងតោមកកាប់ទៅលេីជនរងគ្រោះជាច្រេីនកន្លែងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅកាន់ការិយាល័យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី ៕
ដោយ៖ សូរិយា