ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព អរគុណចំពោះលោកអ៊ំ លោកពូ អ្នកមីង បងប្អូន និងក្មួយៗ ជាជនរួមជាតិខ្មែរគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងតាំងពីថ្ងៃទី២០ មិថុនា ២០២២ រហូតដល់ ថ្ងៃទី៦ កក្កដា ២០២២ លើទឹកដីនៃប្រទេសអូស្ត្រាលី

ចែករំលែក៖

ប្រទេសអូស្ត្រាលី ៖ លោកបណ្ឌិត គឹម សន្តិភាព ប្រធានផ្នែកក្រៅប្រទេស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា,  ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោកអ៊ំ លោកពូ អ្នកមីង បងប្អូន និងក្មួយៗ ជាជនរួមជាតិខ្មែរ ជាទីគោរពស្រឡាញ់ទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសកម្មភាពគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឡើងតាំងពីថ្ងៃទី២០ មិថុនា ២០២២ រហូតដល់ ថ្ងៃទី៦ កក្កដា ២០២២ លើទឹកដីនៃប្រទេសអូស្ត្រាលី ។ 

លោកបានបន្តថា, ការអញ្ជើញចូលរួមគាំទ្រសកម្មភាព  និងគោលនយោបាយរាជរដ្ឋាភិបាល របស់ជនរួមជាតិខ្មែរនៅប្រទេសអូស្ត្រាលី បានឆ្លុះបញ្ចាំង ពីសន្តានចិត្តដ៏ល្អផូរផង់ គោរពស្រឡាញ់ខ្មែរដូចគ្នា ពង្រឹងសាមគ្គីជាតិ និងគោរពស្រឡាញ់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ 

លោក គឹម សន្តិភាព បានលើកឡើងថា, ថ្ងៃនេះ (ថ្ងៃទី ៦ កក្តដា ២០២២) ជាថ្ងៃចុងក្រោយ នៃដំណើរបេសកកម្មរបស់យើងខ្ញុំទាំងអស់គ្នា នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ។ ខ្ញុំបាទពិតជាមានមោទនភាពខ្លាំងណាស់ ដែលមានកិត្តិយសបានមកជួបជុំបងប្អូនខ្មែរយើងនៅឯនាយសមុទ្រ ជាពិសេសគឺបានទទួលការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់បំផុតថែមទៀតផង ។ 

លោកថ្លែងបន្តថា, ខ្ញុំបាទពិតជាមិនចង់ឃ្លាតពីបងប្អូននោះទេ តែដោយសារមានភារកិច្ចត្រូវបំពេញក្នុងប្រទេស ហេតុនេះហើយខ្ញុំសូមគោរព និងជម្រាបលា បងប្អូនជនរួមជាតិទាំងអស់ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ដោយសេចក្តីអាល័យជាពន់ពេក ហើយខ្ញុំ និងក្រុមការងារ សង្ឃឹម និងជឿជាក់ថា នឹងវិលមកជួបជុំបងប្អូនជនរួមជាតិទាំងអស់ នៅពេលឆាប់ៗខាងមុខនេះជាមិនខាន ។ 

លោកបញ្ជាក់ថា, ជាចុងក្រោយ ខ្ញុំបាទសូមគោរពជូនពរដល់បងប្អូនជនរួមជាតិខ្មែរ ទាំងអស់ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី សូមជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ច ជាពិសេសសូមសមប្រកបទៅដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ  សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 

ដោយ ៖ សិលា


ចែករំលែក៖