ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់សំណង់ម្នាក់ត្រូវជាងសំណង់កាន់កាំបិតបុ័ងតោទៅកាប់ឱ្យរបួសសុសសាច់តែម្តង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលជាម្ចាស់សំណង់ត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះ បន្ទាប់ពីត្រូវជាងសំណង់របស់ខ្លួនកាន់កាំបិតបុ័ងតោទៅកាប់ចិញ្ច្រាំជាច្រើនកាំបិតបណ្តាលឱ្យរងរបួសធ្ងន់រួចមក។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនភ្លាមៗកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០​២២ វេលាម៉ោង​៦ និង៣០នាទីល្ងាច នៅចំណុចក្រុម​ទី៨ ភូមិ ជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល  ខេត្តបាត់ដំបង បន្ទាប់ពីមានករណី​ហិង្សាដោយចេត​នាមានស្ថានទម្ងន់ទោសរួចមក។

ករណីហិង្សានេះ​បង្កដោយជនសង្ស័យ ឈ្មោះសេង​ សារុន ភេទប្រុស អាយុ​៤៧ឆ្នាំ រស់នៅភូមិជ្រោយម្ទេស​ ឃុំតាម៉ឺន​ ស្រុកថ្មគោល បានធ្វើសកម្មភាពយកកាំបិតបុ័ងតោទៅកាប់លើជនរងគ្រោះ  ឈ្មោះចាន់ សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិជ្រោយម្ទេស ឃុំតាម៉ឺនស្រុកថ្មគោលជាច្រើនកាំបិតបណ្ដាលឱ្យរងរបួសត្រង់ក្បាលផ្នែកខាងលើនិងផ្នែកខាងក្រោយ,ខ្នងដៃខាងឆ្វេងនិង​កំភួនដៃចំ​ហៀងខាងឆ្វេង។

នៅពេលកេីតហេតុភ្លាមៗអ្នកជិតខាងបាននាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ហេីយព័ត៌មាននេះក៏បាន​រាយការណ៍ដល់សមត្ថកិច្ចនគរបាលមូល​ដ្ឋាន​ផងដែរ។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បា​លខេត្តបាត់ដំ​បង​លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​បានដឹកនាំកម្លាំងជំនាញធ្វេីការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យយខាងលេីបាននិងដកហូតវត្ថុតាងមាន​កាំបិតបុ័ងតោផ្លែដែកដងឈើ ចំនួន១ដែលជនសង័្សយប្រេីប្រាស់ក្នុងអំពេីល្មេីសនេះ រួចនាំ​មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

លោកវរសេនីយ៍ទោ​ សេង​ លុច​ បញ្ជាក់ថា​ តាមចម្លេីយសារភាពរបស់ជនសង័្សយ​ថា​ មូលហេតុដែលរូបគេប្រេីហិង្សាបែបនេះទៅ​លេីជនរងគ្រោះគឺដោយសារតែ​ កន្លងមកជនរងគ្រោះធ្វេីបន្ទប់ទឹកនៅផ្ទះរបស់គាត់ ហេី​យ​ជួលរូបគេមកធ្វេីសំណង់នោះ ដ្បិតរូបគេនេះជាជាងសំណង់។ ដោយសារតែការធ្វេីការ​ងាររបស់ជាងនេះបាត់ឃេីញៗ​ ហេីយ​សំណង់ទុកចោលមិនធ្វេីឱ្យរួចរាល់​ ទេីបម្ចាស់សំណង់ជាជនរងគ្រោះបញ្ឈប់​មិនឱ្យជនសង័្សយធ្វេីការងារនេះបន្តទៀត។

ដោយមានកំហឹងបែបនេះហេីយទេីបនៅថ្ងៃកេីត​ហេតុខាងលេី​ ជនសង័្សយបានយកកាំបិតបុ័ងតោមកកាប់ទៅលេីជនរងគ្រោះជាច្រេីនកន្លែងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅកាន់ការិយាល័​យជំនាញដេីម្បីអនុវត្តបន្តតាមនីតិវិធី​ ៕

ដោយ៖ សូរិយា


ចែករំលែក៖