សារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២នេះ បានផ្សាយថា អភិបាលនៃតំបន់ Luhansk និងតំបន់ Donetsk បាននិយាយថា កងកម្លាំងរុស្ស៉ីបានបង្កើនការវាយប្រហារលើទឹកដីភាគខាងកើតអ៊ុយក្រែន និងបានវាយលុកដល់តំបន់ដែលមានជនស៉ីវិល ដោយប្រើមីស៉ីលបំផ្លាញភូមិ ក៏ដូចជាប្រែក្លាយទីក្រុងឱ្យទៅជាកម្ទេចកម្ទី។
ក្រុមមន្រ្តីអ៊ុយក្រែនបានអះអាងនៅថ្ងៃពុធសប្តាហ៍នេះថា ការបាញ់ផ្លោងមិនរើសមុខដោយកងកម្លាំងរុស្ស៉ី រយៈពេល២៤ម៉ោងចុងក្រោយនេះបានសម្លាប់ជនស៉ីវិល ចំនួន៨នាក់ និង២៥នាក់ទៀតរងរបួស។ ភាគច្រើននៃជនស៉ីវិលដែលស្លាប់គឺនៅក្នុងតំបន់ដូណេត ជាកន្លែងដែលរុស្ស៉ីបង្កើនការវាយលុករបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
អភិបាលតំបន់ដូណេត លោក Pavlo Kyrylenko បានសរសេរលើបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា «រាល់អ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនឹងត្រូវផ្តន្ទាទោស»។ រីឯអភិបាលតំបន់លូហាន់ លោក Serhiy Haidai បានបញ្ជាក់ថា កងកម្លាំងរុស្ស៉ីវាយដណ្តើមកាន់កាប់បានភាគច្រើននៃតំបន់នេះ ប៉ុន្តែ មិនមែនគ្រប់គ្រងបានទាំងស្រុងឡើយ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែបន្តក្នុងទីក្រុងសមរភូមិ Lysychansk ខណៈដែលមានជនស៉ីវិលរហូតដល់ ១៥,០០០នាក់ស្ថិតនៅទីនោះ ហើយប្រមាណ ៨,០០០នាក់ស្ថិតនៅក្បែរទីក្រុង Sievierodonetsk ជាកន្លែងដែលទាហានរុស្សី និងក្រុមផ្តាច់ខ្លួនគាំទ្រដោយរុស្ស៉ី វាយដណ្តើមបានកាលពីខែមុន៕
ដោយ៖ ធីរីណា